ខេត្តកណ្តាល ៖ លោកស្នងការរង ស្រេង សុខា មិនត្រឹមរងការស្តីបន្ទោសពីនាយឧត្តមសេនីយ៍ ឆៃ សុីណារិទ្ធ អគ្គស្នងការរង នគរបាលជាតិ រឿងភាពមិនត្រឹមត្រូវក្នុងឯកសណ្ឋានជានគរបាលជាតិ ប្រើខ្សែក្រវ៉ាត់មាសដាំពេជ្រ ប៉ុណ្ណោះទេ គាត់បានប្រព្រឹត្តបំពានច្បាប់ច្រើនករណីកន្លងមក។ នេះបើតាមការបែកធ្លាយថ្មីនេះផងដែរថា៖ គាត់ ស្រេង សុខា បានសង់ផ្ទះបំពានរំលោភយកដីសាធារណៈ ត្រូវបានប្រជាជនប្តឹង, ករណីផ្តល់ទីតាំងផ្ទះសំណាក់របស់ខ្លួនអោយជាមធ្យោបាយក្រុមប្រើប្រាស់ ចែកចាយគ្រឿងញៀន ឈានដល់បង្ក្រាបក្នុងបទល្មើសជាក់ស្តែង, ករណីហ៊ានហែកលិខិតតុលាការដែលប្លុមបេបិទអាជីកម្មផ្ទះសំណាក់បណ្តោះអាសន្ន តែគាត់បកចោល ហើយធ្វើអាជីវកម្មឡើងវិញដោយគ្មានការឯកភាពពីស្ថាប័នតុលាការ។
ករណីក្រោយនេះ លោក ស្រេង សុខា ស្នងការរង នគរបាលខេត្តកណ្តាល ក្លាយជាកម្មវត្ថុដែលអង្គភាពប្រឆាំងអំពើពុករលួយ ក៏បានចាប់ផ្តើមស្រាវជ្រាវទ្រព្យ និងបំណុលលោក ស្រេង សុខា ដូចគ្នានិងលោក គឹម រស្មី ដែរ។
គួបញ្ជាក់ថា៖ អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ផ្តើមស្រាវជ្រាវទ្រព្យសម្បត្តិ និងបំណុល លោក ស្រេង សុខា ខណៈគាត់បានបង្ហាញពីអំនួត អោយថ្លៃទឹកដោះខាងកូនក្រមុំ១០មុឺនដុល្លារ និងឡានឡិចសុី៥៧០ មួយគ្រឿង ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងហ្វេសប៊ុក រិៈគន់ពីគាត់ បានលុយពីណាមកអីក៏ហូហៀម្លេះសម្រាប់ថ្ងៃភ្ជាប់ពាក្យជាមួយអនាគតភរិយាទី៤ ក៏ក្មេងខ្ចីស្រស់សោភា នៅអ្នកលឿងត្រើយខាងកើត ខេត្តព្រៃវែងនោះ។
លោក ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាលកន្លងទៅត្រូវបានប្រជាពលរដ្ឋប្តឹងទៅអភិបាលនៃគណៈ អភិបាលខេត្តកណ្តាលដើម្បីជួយអន្តរាគមន៍ឃាត់សំណង់របស់គាត់ដែលបានសង់រំលោភបំពានយកចំណីផ្លូវ សាធារណៈ ក្នុងនោះប្រជាពលរដ្ឋជាច្រើនគ្រួសារបានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ក្នុង នោះមានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ សាង ហេង ,២-ម៉ៅ សុភាព ,៣-ស៊ុន វុឌ្ឍា ,៤-អេង ហៀង ,៥-រៀម សេងឡាង ,៦-សួរ ចំរើន ,៧- គឹម សុខជា ,៨-លី វ៉ានសុវណ្ណា ,៩-ច្រាំ សុភាព ,១-កេត ហេង ,១១-ហ៊ឹម ដា ,១២-កៅ រិន ,១៣-លន់ សៀវ អេង ,១៤-កួច ខេវិន និង ១៥- ស៊ាម លី ។ ពួកគាត់ជាប្រជាជនរស់នៅអមសងខាងផ្លូវលំបានស្នើសុំលោក អភិបាលនៃគណៈអភិបាលខេត្តកណ្តាល មេត្តាជួយអន្តរាគមន៍និងជួយមានវិធានការទប់ស្កាត់ជាបន្ទាន់ លើម្ចាស់ សំណង់ឈ្មោះ ស្រេង សុខា មានតួនាទីជាស្នងការរងនៃស្នងការនគរបាលខេត្តកណ្តាល ដែលបានសាងសង់ សំណង់រឹងមាំរំលោភលើផ្លូវសាធារណៈ និងសាងសង់រំលោភចូលដីរបស់ប្រជាជនដែលនៅជាប់ព្រំ ស្ថិតចំណុច ភូមិព្រែកសំរោង២ សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្នុងករណីនេះអភិបាលខេត្តក៏បានជម្រាបមកលោក ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ខេត្តឲ្យចាត់វិធានការក្នុងរឿងនេះ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ។
លោកស្នងការរង ស្រេង សុខា ក៏បានជាប់ពាក់ព័ន្ធការផ្តល់ទីតាំងផ្ទះសំណាក់ជាមធ្យោបាយដល់ក្រុមជន សង្ស័យប្រើប្រាស់និងចែកចាយគ្រឿងញៀន ក្នុងនោះមានការបង្ក្រាបជាក់ស្តែងដោយកម្លាំងមន្ទីរប្រឆាំងគ្រឿង ញៀនក្រសួងមហាផ្ទៃទៀតផង។
គួររំលឹកកថា នៅវេលាម៉ោង១២និង០០នាទីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ អនុវត្តការបង្គាប់របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ គឺលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន គណៈកម្មការដែលមានសមាសភាពមួយ ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ,២-ឧត្តមសេនីយ៍ត្រី មាឃ ប៊ុនថុល នាយក រងមន្ទីរប្រឆាំងគ្រឿងញៀន ,៣-វរសេនីយ៍ទោ ទេព ពីរ៉ូ នាយរងការិយាល័យ,៤-អនុសេនីយ៍ឯក មុំ វុថុល នាយ រងប៉ុស្តិ៍ព្រែកប្ញស្សី ,៥-អនុសេនីយ៍ទោ ឌី ថេត មន្ត្រីប៉ុស្តិ៍ព្រែកប្ញស្សី លោក ឡេង ណាង ក្រឡាបញ្ជី និងទី៧-លោក ជា ឡៃ មេភូមិក្រពើហារកើត ។
គណៈកម្មការនេះ បានធ្វើការត្រួតពិនិត្យបន្ទប់លេខ២២៨ នៃផ្ទះសំណាក់សុខានៅក្រុមទី៦ ភូមិក្រពើហារកើត សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នៅចំពោះមុខជនសង្ស័យ៣នាក់ គឺឈ្មោះ កាដិប រតនៈ ភេទប្រុស អាយុ៣៨ឆ្នាំ បុគ្គលិកក្រុមហ៊ុនស៊ីក្រូ ក្រុមការងារបានរកឃើញម្សៅគ្រើមពណ៍សថ្លា១កញ្ចប់ ។ ក្រោយបញ្ចប់កិច្ច ក្រុមការងារបានបិទស្លាកកំណត់ហេតុឆែកឆេរត្រួតពិនិត្យជាក់ស្តែងនៅវេលាម៉ោង១២និង២៦នាទី ថ្ងៃខែឆ្នាំដដែល ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីទទួលបន្ទុកបានចុះទៅត្រួតពិនិត្យឃើញកំណត់ហេតុដែលបានបិទនៅលើ ទ្វារបន្ទប់លេខ២២៨នោះ ត្រូវបានម្ចាស់ផ្ទះសំណាក់ហែកចោលបើកបន្ទប់ធ្វើអាជីវកម្មតាំងពីខែមករាឆ្នាំ២០១៩ ដោយគ្មានការអនុញ្ញាតពីតំណាងអយ្យការឡើយ ។ បច្ចុប្បន្នករណីនេះ តំណាងអយ្យការពុំទាន់មានចំណាត់ការ នៅឡើយ ។
ក្រៅពីអំពីបំពានច្បាប់ខាងលើ លោក ស្រេង សុខា ស្នងការរងខេត្តកណ្តាល ក៏ត្រូវលទទួលការរិះគន់យ៉ាងខ្លាំង ពីនាយៗរងនគរបាលខេត្តកណ្តាល ដោយលើកអំណះអំណាងថា លោកឧត្តមសេនីយ៍ ស្រេង សុខា មិនដែល ចូលរួមដឹកនាំវេនប្រចាំបញ្ជា អសកម្មការងារ និងដើរសេរីដូចមានចែងក្នុងបទបញ្ជា០០៦ ស្តីពីវិន័យរបស់កម្លាំង នគរបាលជាតិ ដែលកំពុងនៅមានជាធរមាន ស្រាប់។
រឿងរ៉ាវរបស់លោក ស្រេង សុខា ជាប់ពាក់ព័ន្ធុនឹងការប្រព្រឹត្តអំពានច្បាប់នៃបទល្មើសព្រហ្មទណ្ឌ និងធ្វើខុសក្នុង នាមកងកម្លាំង ក៏ដូចជាកំពុងស្ថិតក្នុងការចាប់ផ្តើមស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយ គេមានជំនឿថា លោកផ្កាយ១ ស្រេង សុខា ប្រឈមនឹងបាត់បង់តំណែង រងនូវការផ្តន្ទាទោសណាមួយ ប្រសិនបើរកឃើញជាប់ គាត់បានពាក់ព័ន្ធបទល្មើស ។
ពាក់ព័ន្ធករណីនេះ អង្គភាពនគរវត្ត មិនអាចសុំការបំភ្លឺបានទេពីលោក ស្រេង សុខា ស្នងការរងនគរបាលខេត្ត កណ្តាល កាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ ៕
ដោយ៖ សុខខេមរា