ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ក្នុងចំណោម២នាក់ ដួលម៉ូតូខ្ទាតទៅបុករបងផ្ទះគេ រួចជង់ឫស្សីរបងជាប់ដើមទ្រូងគួរឲ្យញាក់សាច់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ធ្វើឲ្យបុរសម្នាក់ក្នុងចំណោម២នាក់ ជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា ហើយរេចង្កូតដួល ខ្ទាតទៅបុករបងផ្ទះគេរួច ជង់ឫស្សីរបងជាប់ដើមទ្រូង បណ្ដាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលឆោឡោ ដល់អ្នកភូមិ និងរាយការណ៍ មកសមត្ថកិច្ច កងរាជអាវុធហត្ថស្រុក មកអន្តរាគមន៍ ដឹកមកសង្គ្រោះនៅមន្ទីបង្អែកស្រុកស្វាយទាប។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៩ ស្ថិតនៅភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ ជង់ឫស្សី របងជាប់ដើមទ្រូងមាន ឈ្មោះ ម៉ែន សុខុម អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង និងអ្នករួមដំណើររងរបួសស្រាលមានឈ្មោះ ព្រំ សាខន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា ចំណែកម៉ូតូម៉ាកហុងដា សេ ១២៥ ឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល ១j ៣៨៦០ខូចខាតយ៉ាងដំណំ ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ ១២៥ ដោយធ្វើដំណើរ ពីទិសដៅ ពីត្បូងទៅជើង ក្នុងផ្លូវកោង ទំនងស្រវឹងស្រាស្រាប់តែរេចង្កូត ជ្រុលទៅបុករបងផ្ទះគេ ហើយខ្ទាតទៅជង់នឹងឫស្សីរបងជាប់ដើមទ្រូងគួរឲ្យញាក់សាច់។

ក្រោយមក អ្នកភូមិបានចេញមកមើល និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ ជួយដឹកអ្នករងរបួសទាំងពីរមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ភ្លាមៗផងដែរ ។

ចំពោះម៉ូតូ សមត្ថកិច្ចបានវាស់វែង និងអូសមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំប្រសូត្រ ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖