ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌក្រុងពោធិ៍សាត់ ឃាត់ខ្លួនអ្នកលេងកាំបិតសាំម៉ូរ៉ៃ ពណ៌ខ្មៅ តាមបណ្ដឹងគូទំនាសជាជនរងរបួស ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ភ្លើងស្តុបស្ពានថ្មី ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្ត ពោធិ៍សាត់ ។
ប្រភពពីកម្លាំងចុះប្រត្តិបត្តិការបានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនា ត្រូវបានឃាត់យកមកសួរនាំខាងលើ ឈ្មោះ លី ទៀងឡេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ខេមរៈភូមិន្ទ បច្ចុប្បន្ន មានទីលំនៅភូមិ.សង្កាត់កើតហេតុ ក្នុងនោះកម្លាំងដកហូតរួមមានវត្ថុតាង (កាំបិត សាំម៉ូរ៉ៃ ពណ៌ខ្មៅចំនួន១) ។
ប្រភពបន្តថា ការឃាត់ខ្លួនជនសង្ស័យរូបនេះ យកមកសួរនាំ គឺអនុវត្តតាមបណ្ដឹងរបស់ឈ្មោះ យុទ្ធ រិទ្ធីសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ ជាជនរងរបួស ត្រង់ចំណុចខ្នងដៃខាងស្ដាំថា ជនសង្ស័យរូបនេះ បានកាប់មកលើខ្លួន ។
ប្រភពដដែលបន្តទៀតថា ក្រោយឃាត់ខ្លួនជនសង្ស័យ ក៏នាំយកមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីសាកសួរស្រង់យកចម្លើយរកមូលហេតុឲ្យបានច្បាស់លាស់ ៕ ប៉ឹម ពិន