ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស២នាក់បានស្លាបក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុករថយន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្ស២នាក់បានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុករថយន្ត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៩និង៥០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ០៦ ក្រៅទីប្រជុំជន ត្រង់ចំណុចភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្កឡើងដោយម៉ូតូបុក និងរថយន្ត ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុក ព្រះនេត្រព្រះ បានឲ្យដឹងថា៖ មុនដំបូងមានម៉ូតូមួយគ្រឿងម៉ាក Hondadream C125ស៊េរីឆ្នាំ2016 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1N-3369 បើកបរដោយឈ្មោះចេង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជប់វារី ស្រុកព្រះនេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ សង្ស័យមានជាតិស្រវឹង (គ្មានពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរឈ្មោះ តុលា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ ឃុំ ជាមួយគ្នា (គ្មានពាក់មួកសុវត្ថិភាព) បើកបរម៉ូតូមកពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចកើតហេតុខាងលើ បានឡើងជែងរថយន្តនៅខាងមុខ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-5480 បើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរទិសខាងលិចទៅទិសខាងកើត ក្នុងទិសដៅផ្ទុយទិសគ្នា ទើបបណ្ដាលឲ្យបុករថយន្ត ចំពីមុខពេញមួយទំហឹង បណ្តាលឲ្យស្លាប់ទាំង២នាក់ ។

លោកអធិការបានបញ្ជាក់ថា មូលហេតុបង្កឲ្យកើតមានគ្រោះ បណ្តាលមកពីអ្នកបើកម៉ូតូជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំពោះរថយន្ត និងម៉ូតូខូចធ្ងន់ទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញ យកមក​ទៅ​រក្សានៅ​អធិ​ការដ្ឋាន​នគរបាលស្រុក រង់ចាំដោះស្រាយ នៅពេលក្រោយ ។ រីឯសព ត្រូវបាន​ប្រគល់ជូនក្រុមគ្រួ​សារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕​ វណ្ណា


ចែករំលែក៖