ភ្នំពេញ ៖ រថយន្តម៉ាកHiNoមួយគ្រឿងបើកមិនប្រយ័ត្ន ក៏កៀរម៉ូតូមួយគ្រឿងបណ្តាលឲ្យមន្រ្តីយោធាម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេងនិងបែកក្បាល ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ខាងលិចភ្លើងស្តុបផ្លូវវេងស្រេង កែងផ្លូវទួលពង្រ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ ជាមន្រ្តីយោធា ឈ្មោះ ហង្ស សារុន ភេទប្រុស អាយុ ៥៧ឆ្នាំ មានឋានន្តរសក្តិ ជាវរសេនីយ៍ឯក បម្រើការងារ អគ្គបញ្ជាការកងទ័ពជើងគោក មានទីលំនៅ ភូមិដុតកំបោរ ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HE-7154 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាកHiNo បែនកង់៥ ពណ៌ខៀវ លាយស្លាទុំ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1331 បើកស្របទិសមកពីក្រោយកៀរដួលបោកផ្ទប់តែម្តង បណ្តាលឲ្យរងរបួសធ្ងន់ បាក់ជើងឆ្វេង បែកក្បាលសន្លប់ស្តូក ។ភ្លាមនោះអ្នកបើកបរចុះគេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកេតុមាលា ហៅ 1-79 ។ ចំណែករថយន្តបង្ក និងម៉ូតូសមត្ថកិច្ចជំនាញចុះពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅអធិការខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ