ខេត្តត្បូងឃ្មុំ ៖ កម្លាំងនគរបាលជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់ នៅវេលាម៉ោង១និង៣០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ បានធ្វើកិច្ចសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រមូង ចុះចាប់ ឃាត់ខ្លួនជនសង្ស័ម្នាក់តាមដីកាបង្គាប់ ពីបទចោទពីបទទទួលផលចោរកម្ម ដែលបានធ្វើសកម្មភាពប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០១៨កន្លងទៅ នៅត្រង់ចំណុចភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
មន្ត្រីនគរបាលជំនាញផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់ឲ្យដឹងថា ជនត្រូវចោទឈ្មោះ ដៀប ធំ ហៅ ក្រហម ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
មន្ត្រីនគរបាលបន្តថា ការឃាត់ខ្លួននោះធ្វើតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៥១ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៨ របស់លោក ឈិត វិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ ចោទពីបទទទួលផលចោរកម្ម ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិត្រមូង ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានឃាត់ខ្លួននិងនាំខ្លួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរក និង សាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំផ្តន្ទាទោសតាមច្បាប់ ៕ វណ្ណៈ