ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីម្នាក់ត្រូវបានពលរដ្ឋប្រទះមានរងរបួសត្រង់ ក មានឈាមក្រហមច្រាលហូរតាមស្នាមរបួស ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ តែងតែបានងើបពីព្រលឹម ដើម្បីចេញទៅធ្វើការនៅរោងចក្រ ហើយបានទុកកូនស្រីរបស់ខ្លួននៅចាំផ្ទះ ។ ក្រោយពីទៅចាំរថយន្តដើម្បីជិះទៅធ្វើការ ក៏មានគេប្រាប់ថា គេឃើញកូនស្រីរបស់ខ្លួន រងរបួសក មានឈាមហូរខ្លាំង ក៏មានការភ្ញាក់ផ្អើលឡើងតែម្តង ។
លោក ដួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានវ៉ាន ស្រីនីន អាយុ៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ របួសត្រង់កចំនួន២កន្លែង ស្នាមនិងកាំបិត នៅពេលនេះ នគរបាលស្រុក និង កម្លាំងនគរបាលខេត្តកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ ។ រហូតមដល់ម៉ោងជិត១០នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់យកមកធ្វើការសាកសួរជាបណ្តោះអាសន្ន ដើម្បីវែកមុខរកជនដៃដល់ពិតប្រាកដ ៕ ចន្ថា