ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀង រ័ត្ន រចនា ចេញមុខច្រៀងឲ្យផលិតកម្ មលោកឧកញ៉ា វ័យក្មេង ឡេង ណាវ៉ាត្រា

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសាច់ទ្រលុកទ្រលន់កញ្ញា រ័ត្ន រចនា ដែលគេដាក់រហ្សនាមថា អ្នកមេម៉ាយសប្បាយចិត្តនោះ បានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីនាងបានចេញមុខច្រៀង ក្នុងផលិតកម្ម Galaxy Navatra របស់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រាបាត់ទៅហើយ ។ ការចេញមុខដ៏ភ្ញាក់ផ្អើលនេះ ក្រោយពេលផលិតកម្មបានបញ្ចេញស្នាដៃបទចម្រៀង ជាមួយនឹងការប្រមូលបានតារាក្មេងចាស់ប្រុសស្រីមួយចំនួនផងដែរ ។

វត្តមានតារាចម្រៀងវ័យក្មេងសំឡេងក្រអួនកុមារា ធឿន បុរី និងកុមារី អ៊ុក សុវណ្ណារី បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលកាលពីថ្មីៗនេះជាមួយនឹងការបកស្រាយបទចម្រៀងមរតកដើម គន់មើលក្នុងសួន (ផ្កាអ្វី) ។ បង្កើតភាពភ្ញាក់ផ្អើលថ្មីស្រាប់តែតារាចម្រៀង រ័ត្ន រចនាក៏បានបញ្ចេញស្នាដៃបទចម្រៀងសំនៀងផ្ទាល់របស់នាងដោយលើកយកបទចម្រៀងបែបសប្បាយៗមរតកដើមគឺបទ គេលេងភ្លេងហើយ ដែលគេដឹងថាជាការស្វាគមន៍ការបើកដំណើរការជាថ្មីរបស់ផលិតកម្ម Galaxy Navatra ក្រោយពីផលិតកម្មនេះផ្អាកការផលិតបទចម្រៀងថ្មីអស់រយៈពេលជាយូរ ។

តាមការបញ្ជាក់របស់សិល្បករម្នាក់បានទម្លាយថា លោកឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត្រា​ បានប្រមូលផ្តុំតារាចម្រៀងមានសំនៀងពិរោះមួយចំនួនចូលក្នុងផលិតកម្មនេះ បូករួមទាំងអ្នកនិពន្ធលេចធ្លោរម្នាក់គឺលោក យឹម តាស្រង់ ដែលធ្លាប់ល្បីឈ្មោះនៅផលិតកម្មថោន ម្នាក់ផងដែរ ។

ក្រៅពីនេះលោកក៏បានបោះទុនជាច្រើនសែនដុល្លារអាមេរិកក្នុងការចេញផលិតភាពយន្តខ្នាតធំថ្មីដែលដឹកនាំដោយផលិតករវ័យក្មេងលោក ចាន់ណា រ៉ូណាន ផងដែរ ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រាក៏បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ សម្រាប់​ផលិត​កម្ម​ថ្មី​មួយ​នេះ​ ក្នុងការ​ចូលរួមក្នុងវិស័យសិល្បៈដោយមានទាំងបទនិពន្ធថ្មីៗ និងបទមរតកដើមមួយចំនួន ព្រមទាំងមានការចូលរួម​ ពីសំណាក់តារាចម្រៀងល្បីៗ រួមជាមួយបងប្អូនតារាចម្រៀងថ្មីៗ និងអ្នកនិពន្ធល្បីៗផងដែរ ។

គួរបញ្ជាក់ដែរថា ចេញច្រៀងតាមកម្មវិធីមង្គលការ និងជប់លាងជាច្រើនអស់រយៈពេល១៧ឆ្នាំ រ័ត្ន រចនា មិនមានឱកាសល្បីឈ្មោះឡើយ ប៉ុន្តែក្រោយពីការផ្សាយ​ផ្ទាល់​តាម​ហ្វេ​ស​ប៊ុ​កនា​ការប្រគំ​តន្ត្រី​មួយ​នៅ​ខេត្តស្វាយរៀងដោយច្រៀងបទ មេម៉ាយសប្បាយចិត្ត បាន​ផ្លាស់​ប្តូរជីវិត​តារាចម្រៀង​រូបនេះ១៨០ដឺក្រេតែម្តង​ ។

កាន់តែល្បីក្រោយពីបទចម្រៀងរបស់តារាចម្រៀងមកពីខេត្តស្វាយរៀងមួយនេះ ត្រូវបានអ្នក ​និយម​ ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង ​បណ្តាញ​សង្គម Tik Tok យកមកត្រាប់ធ្វើកាយវិកា និងច្រៀងតាមនាង ។ ការបោះជំហានចូលប្រឡូកក្នុងផលិតកម្មថ្មីដែលគេដឹងថាលោក ឧកញ៉ាស្រលាញ់សិល្បៈ និងហ៊ានចាយលុយសម្បើមនេះក៏ជាមុខមាត់ថ្មីសម្រាប់នាងគ្រាដែលកន្លងទៅ លោក ឧកញ៉ាក៏ធ្លាប់ធានាតារាស្រីសាច់ទ្រលុកទ្រលន់រូបនេះចេញទៅច្រៀងរាំលើទឹកដីនៃប្រទេសកូរ៉េផងដែរ៕ វឌ្ឍនា​


ចែករំលែក៖