ភ្នំពេញ៖ ទីបំផុតទៅផ្លូវល្បឿនលឿន ដំបូងបំផុតនៅកម្ពុជាតភ្ជាប់ពីរាជធានី ភ្នំពេញទៅខេត្តព្រះសីហនុ ដែលប្រជា ពលរដ្ឋកំពុងទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកនោះ នឹងចាប់ផ្តើមបើកការដ្ឋាន សាងសង់នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះហើយ។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំ កម្ពុជា។ នេះបើយោងតាមតារាងកម្មវិធី ការងាររបស់សម្តេចតេជោ ហ៊ុន សែន។
គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបានចុះហត្ថលេខារវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា ជាមួយលោក លាវ ឈីថាវ ប្រធាន ក្រុមហ៊ុនសំណង់គមនាគមន៍ចិនកាលពី ដើមឆ្នាំ២០១៨។ ពិធីចុះហត្ថលេខានោះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងពេលដែលលោកនាយករដ្ឋមន្ត្រីចិនបំពេញទស្សនកិច្ចនៅកម្ពុជា។
ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ធ្វើឡើងតាមរូបភាពសាង សង់-អាជីវកម្ម-ផ្ទេរ (BOT)។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD.។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គ្រោងសាងសង់ជាបួនគន្លង ដោយ២ គន្លងទៅ ២គន្លងមក ខណ្ឌដោយសួន ច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបជិត ២០០គីឡូម៉ែត្រ ទទឹង២៤ម៉ែត្រ ក្រាលកៅ ស៊ូ AC ហើយមានកសាងរបងបាំងសង ខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើ ដំណើរផងដែរ។ ផ្លូវល្បឿនលឿននេះ គ្រោងប្រើពេលសាងសង់៤ឆ្នាំ។
លោក ស៊ុន ចាន់ថុល បានបង្ហាញក្តីរំពឹង ថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេសក្រៅ ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័ត ព្រះសីហនុ ទៅតំបន់ដទៃទៀត។
លោករដ្ឋមន្ត្រីជឿជាក់ថា ផ្លូវល្បឿន លឿនមួយខ្សែនេះនឹងរួមចំណែកកាន់តែខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចរបស់កម្ពុជា៕ ហេង សូរិយា