ភ្នំពេញ៖ រថយន្តសាំយ៉ុងមួយគ្រឿងចុះពីលើស្ពាន៧មករា ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់សម្លប់ស្តូកស្តឹង ។ ហេតុការណ៍នេះ បានកើតឡើងកាពីម៉ោងជាង៥ទៀបភ្លឺ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ១២៨ (ផ្លូវកម្ពុជាក្រោម) កែងផ្លូវ២៦៥ គល់ស្ពានអាកាស៧មកា ប៉ែកខាងកើត សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីលែត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-4969 ធ្វើដំណើរចុះពីស្ពានអាកាស៧មករា មកផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត ខណៈមដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង១២កៅអី ពណ៌ស្លែ ពាក់ស្លាកលេខកំពត2 A-0922 ធ្វើដំណើរយ៉ាងលឿនចុះ ពីស្ពានអាកាស ៧មករា ស្របទិសគ្នា បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់សន្លាប់ស្តូកស្តឹងត្រូវរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ។ ចំណែកអ្នកបើករថយន្តបង្កបានបើករថយន្តរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋឃើញហេតុការណ៍ ដេញតាមមកដល់ចំណុចខាងក្រោយសាលាសន្ធរម៉ុកម្ចាស់រថយន្តបានឈប់បើកទ្វាររត់គេចខ្លួនតែម្តង ។
បន្ទាប់ពីកើតហេតុហេតុសមត្ថកិច្ចជំនាញចរាចរវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនាពេលក្រោយ ៕ ជ្រោយពេជ្រ