យ៉ាងហោចណាស់ប្រជាពលរដ្ឋ៧គ្រួសារ រស់នៅកណ្តាលក្រុងព្រៃវែង អះអាងថា ពួកខ្លួនបានចាញ់បោកភរិយាលោកនាយករងរដ្ឋបាលសាលាខេត្តព្រៃវែង ទួន សុគន្ថា គឺអ្នកស្រី ធឿន ចន្នី ដែលមានមុខនាទីជាគ្រូបង្រៀន ក្នុងរឿងយកលុយរាប់ពាន់ដុល្លារដើម្បីឲ្យកូនៗពួកគាត់បានចូលធ្វើជានគរបាលជាតិមានក្របខ័ណ្ឌត្រឹមត្រូវតាមរយៈការប្រឡង ។ អ្នកគ្រូ ធឿន ចន្នី ជាគ្រូបង្រៀននៅសាលាបឋមសិក្សា បុញ្ញខេត្ថារាម ហៅសាលាវត្តថ្មី ស្ថិតក្នុងក្រុងព្រៃវែង ។
អ្នកភូមិនិយាយថា នៅអំឡុងឆ្នាំ២០១៤ អ្នកគ្រូ ធឿន ចន្នី តែងតែអួតថា គាត់ស្គាល់ខ្សែធំៗ នៅក្រសួងមហាផ្ទៃ ដែលអាចពឹងពាក់បាន ។ ដោយសារបញ្ហានេះ ទើបអ្នកភូមិជឿហើយតាមរយៈការប្រឡងក្របខ័ណ្ឌនគរបាលជាតិ ក៏ពឹងពាក់អ្នកគ្រូធឿន ចន្នី ក្នុងម្នាក់ៗអស់បួនទៅប្រាំពាន់ដុល្លារ ។ អ្នកគ្រូធានាថា ពិតជាបាន១០០ភាគរយ ។ ប្រជាពលរដ្ឋដែលបានចំណាយប្រាក់ញញឹមបិទមាត់មិនជិត ព្រោះនឹកថា អនាគត កូនៗរបស់ខ្លួននឹងបានចូលក្របខ័ណ្ឌនគរបាលជាតិ ។ សរុបទៅអ្នកខ្លះចំណាយ៤ពាន់ដុល្លារ អ្នកខ្លះ៥ពាន់ និងខ្លះ៦ពាន់ដុល្លារ អ្នកគ្រូបានជិត៣ម៉ឺនដុល្លារដែរ ។ ប៉ុន្តែនៅពេលលទ្ធផលប្រឡងចេញ គ្មាននរណាជាប់មួយនោះទេ ។ នៅពេលនោះ អ្នកភូមិក៏បាននាំគ្នាទៅទារលុយពីអ្នកគ្រូវិញ ហើយអ្នកគ្រូក៏បានសងបន្តិចម្តងៗ ស្រាប់តែនៅដើមឆ្នាំ២០១៨ ក៏លែងសងតែម្តង ។ អ្នកភូមិក៏បានដាក់បណ្តឹងទៅសាលាដំបូងខេត្ត ។
ករណីនេះ មិនដឹងថា តើអ្នកណាទទួលខុសត្រូវនោះទេ ពីព្រោះប្រជាពលរដ្ឋទាំងនោះ ក៏ផ្សងប្រថុយឲ្យលុយទៅភរិយាលោកនាយរងរដ្ឋបាលសាលាខេត្តព្រៃវែងនោះដែរ ។ ទង្វើបែបនេះ វាពិតជាធ្វើឲ្យខូចដល់កេរ្តិ៍ឈ្មោះថ្នាក់ដឹកនាំខេត្តព្រៃវែង ក៏ដូចជារាជរដ្ឋាភិបាលផងដែរ ។ អ្នកភូមិបានត្រឹមតែដាក់ពាក្យប្តឹងចូលសាលាដំបូងខេត្តព្រៃវែង ដោយមិនរំពឹងថា បានលុយត្រឡប់មកវិញនោះទេ ។ អ្វីដែលអ្នកភូមិជំរុញនោះគឺសាលាដំបូងខេត្តគួរចាត់វិធានការយ៉ាងណា ដើម្បីឲ្យភរិយាលោកនាយរងជួយដោះស្រាយសំណងជូនពួកគាត់វិញ ព្រោះក្នុងនាមអ្នករកស៊ីកំប៉ិកកំប៉ុក គ្មានអ្វីជាដុំកំភួនសម្រាប់ចិញ្ចឹមជីវិតទេ ៕