ខេត្តពោធិ៍សាត់៖ ពិតជាគួរឲ្យអាណោចអាធ័មយ៉ាងពន់ពេក ខណៈក្មេងស្រីជំទង់ជាទីស្រឡាញ់របស់ឪពុកម្ដាយម្នាក់ បានបាត់បង់ជីវិតដោយសារឆ្លងចរន្តអគ្គិសនីឆក់ ។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១១ និង០០នាទី ព្រឹកថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចខ្ទមចាំស្រូវស្រែប្រាំង ស្ថិតក្នុងភូមិផ្ទះស្រែ ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបានឲ្យដឹងថា ក្មេងស្រីជំទង់រងគ្រោះឈ្មោះ ថន ចង្រិត អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពបន្តទៀតថា ករណីខាងលើនេះស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវ ទើបសន្ថិដ្ឋានអាចពិតជាស្លាប់ដោយឆ្លងចរន្តអគ្គិសនីឆក់ប្រាកដមែន ក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារសាច់ញាតិ ទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន