ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន បើករថយន្តបុករបាំងថ្ម ពុះចែកទ្រូងផ្លូវបាក់រាយពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិនបើករថយន្តយ៉ាងលឿន ដល់ផ្លូវកោងបានជ្រុលចង្កូត បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់រាយពេញផ្លូវ ឯរថយន្តបង្កបានរងការខូចខាតផ្នែកខាងមុខខ្ទេច ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានឡើងកាលពីម៉ោងជាង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៧១ ក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មនពេលកើតហេតុគេឃើញរថយន្តម៉ាក TOYOTA TACOMA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AD-3840 បើកបរដោយបុរសម្នាក់ជាជនជាតិតៃវ៉ាន់ម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេច២៧១ក្នុងទិសដៅពីត្បូងទៅជើង យ៉ាងលឿន ខណៈដល់ចំណុចកើតហេតុដែលជាចំណចផ្លូវកោង បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់រៀបដល់ដីរាយពេញផ្លូវ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខ សំណាងល្អនៅក្នុងហេតុការណ៍នេះដែរ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរឲ្យ មកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោករង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖