ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិ ក៏ដូចជាក្រុមគ្រួសារ ស្រែកហៅគ្នីគ្នាជួយសង្គ្រោះនារីម្នាក់ ទំនងលង់ទឹកប្រឡាយលើកដាក់លើគោក ធ្វើចលនាដៃជើង ប៉ុន្តែអកុសលហួសពេលទៅហើយ ដោយសភាពធ្ងន់ធ្ងរពេក បានត្រឹមតែសោកសង្រេងប៉ុណ្ណោះ ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃចន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិសស័ក ព.ស ២៥៦២ វេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ (ខាងត្បូងវត្តរោទិ៍) ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហ៊ួន ស្រីនី អាយុ២៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីខាងលើបានព្រលែងសត្វក្របីនៅឯវាលស្រែដូចសព្វដង លុះដល់រសៀលម៉ោង៤ ក៏បានទៅឃ្វាលក្របីត្រឡប់មកផ្ទះវិញ ប៉ុន្តែចៃដន្យសត្វក្របីនោះ បានឆ្លងទឹកប្រឡាយទៅត្រើយម្ខាង ទើបនារីរងគ្រោះបានចុះហែលឆ្លងប្រឡាយគោលបំណងដេញត្រឡប់មកវិញ ប៉ុន្តែទំនងជារមួលក្រពើ ស្រាប់តែឈ្លក់ទឹកស្រែកហៅអ្នកភូមិជួយទើបបង្កការភ្ញាក់ផ្អើល នាំគ្នាជួយសង្គ្រោះលើកដាក់លើគោកចលនាដៃជើង ប៉ុន្តែអកុសលហួសពេលទៅហើយ ដោយសភាពធ្ងន់ធ្ងរពេក ក៏បានដាច់ខ្យល់ស្លាប់បាត់ ខណៈក្រុមគ្រួសារ បានត្រឹមតែសោកសង្រេងប៉ុណ្ណោះ ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ និងប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន