ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែមាឃ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៨ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី ១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ នាពេលនេះ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ារី ហ៊ុនសែន បានថ្លែងអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនា នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោងរពដ៏ខ្ពង់ខ្ពស់ជាទីបំផុត ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុក្ខដាក់អំពីសុខទុក្ខ និងជីវភាពរបស់កូនចៅរបស់ព្រះអង្គ ពិសេសការលើកកម្ពស់សមភាព យែនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមបួងសួងដល់ទេវតារក្សាព្រះស្វេតឆ័ត្រដែលជាបារមីនៃអតីតព្រះមហាក្សត្រខ្មែរ ព្រមទាំងវត្ថុសាកសិទ្ធិដែលរក្សាព្រះរាជាណាចក្រកម្ពុជាតាមថែរក្សាព្រះអង្គទាំងទ្វេទទួលបាននូវព្រះរាជសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងបញ្ញាញាណភ្លឺថ្លាដើម្បីគង់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្តគ្រប់រូបទូទាំងប្រទេស។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបាន កោតសរសើរក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដែគូអភិវឌ្ឍន៍ជាតិ អន្តរជាតិទាំងអស់ដែលបានរួមចំណែកគាំទ្រការលើកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាព ស្ត្រី និងកុមារ និងការផ្តល់សេវាកម្មជួយជនរងគ្រោះដោយអំពើហឹង្សាប្រកដោយគុណភាព និងប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលបានផ្តល់ភាពយុត្តិធម៌និង ជំនឿទុកចិត្ត គាំទ្រសម្តេចតេជោ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេសជាតិតទៅមុខទៀត ដើម្បីធ្វើការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន និងរក្សាសុខសន្តិភាពឲ្យបានគង់វង្សជារៀងរហូត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការលើកកម្ពស់សមភាពយេនឌ័រ គឺជាកម្លាំងចលករក្នុងការរួមចំណែកអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែលជាកិច្ចការអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត។
ដើម្បីលើកស្ទួយនូវតួនាទីស្ត្រីដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ ក្នុងកិច្ចគាំពារសង្គមឲ្យមានប្រសិទ្ធភាពនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់អនុវត្តនូវចំណុចសំខាន់ៗចំនួន៥ដូចខាងក្រោម៖
១)ត្រូវរួមគ្នាយកចិត្តទុកដាក់តាមរយៈការផ្តល់អាទិភាពចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត ព្រមទាំង តាមដានសមត្ថភាពដែលមានជំនាញហើយ ត្រូវជួយដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងឱកាសបំពេញការងារតាមតួនាទីរបស់ពួកគាត់។
២)ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្តដែលជាប់ទោសឱ្យទាន់ពេលវេលា ហើយត្រូវសហការគ្នាបង្កើតឲ្យមានមូលដ្ឋានស្ថិតិរួមមកជាផ្លូវការមួយដែលអាចតាមដានស្ថានភាពពួកគាត់បាន គឺត្រូវវាយតម្លៃអំពីប្រសិទ្ធភាពនៃការផ្តល់សេវាជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងជម្លោះផ្សេងៗ។
៣)ក្រសួងអប់រំយុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ឱ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កំរិត ដើម្បីបានសិក្សាមុខវិជ្ជាជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យាជាដើម។
៤)ក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រសួងវប្បធម៌ ត្រូវគ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឱ្យមានប្រសិទ្ធភាពដើម្បីទប់ស្កាត់បញ្ហាជាច្រើនដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើនដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។
៥)ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរយើងតាមរយៈការបង្កើតកម្មវិធីអប់រំ ដែលបង្ហាញអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ។
ក្នុងឱកាសនេះផងដែរ ក្រៅពីចំនុចដែលជាអនុសាសន៍ ៥ចំនុច ខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍អំពាវនាវនូវចំនុចសំខាន់ចំនួន៦ផ្សេងទៀតដើម្បីចូលរួមជួយដល់ស្ត្រី និងក្មេងស្រីកម្ពុជា មានដូចជា៖
១)អំពាវនាវឲ្យមានការយកចិត្តទុកដាក់ទាំងអស់គ្នានៃការអនុវត្តនយោបាយគាំពារសង្គម ជាពិសេសស្ត្រីមានផ្ទៃពោះ ទាំងស្ត្រីដែលជាមន្ត្រីរាជការ ស្រី្តបម្រើមុខងារតាមក្រសួងស្ថាប័ន ដើម្បីឲ្យពួកគាត់ទទួលបាននូវរបបឧបត្ថម្ភ និងការឈប់សម្រាកតាមច្បាប់ដែលបានកំណត់។
២)សូមឲ្យបណ្តាក្រុមហ៊ុន សហគ្រាស រោងចក្រទាំងឡាយណា ដែលមិនទាន់បានចុះបញ្ជីស្រី្តដែលបំរើការងារនៅស្ថាប័នរបស់ខ្លួន ត្រូវប្រញាប់មកចុះបញ្ជីនៅក្រសួងការងារ ដើម្បីអោយស្ត្រីដែលបម្រើការងារនោះ ទទួលបាននូវអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
៣)សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវជំរុញអោយមានតួនាទីស្ត្រីក្នុងស្ថាប័ននានាជាបន្តទៀត។ ទន្ទឹមនឹងនេះ សម្ដេចតេជោចង់ឲ្យមានការរៀបចំនៅក្នុងក្របខ័ណ្ឌនៃគណៈអភិបាលខេត្ត អភិបាលស្រុក ខណ្ឌ ឬតាមស្ថាប័នអោយមានជាឋានៈអគ្គនាយក អគ្គនាយករងជាដើម។
៤)សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមានការពង្រីកក្របខ័ណ្ឌស្ត្រីដែលចូលរៀនកំរិតថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានជំរុញឲ្យស្ត្រីគួរតែបន្តការសិក្សាថ្នាក់ឧត្តមសិក្សាឲ្យបានច្រើនជាពិសេស បុរសដែលជាប្តី សូមឲ្យភរិយារបស់ខ្លួនបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដែលអោយពួកគាត់ទទួលបានចំណេះដឹងកាន់តែប្រសើរឡើង។
៥)សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ដល់ស្ត្រីដែលធ្វើការនៅតាមផ្ទះ ត្រូវគិតគូរពីការលើកទឹកចិត្ត និងផ្តល់ថ្ងៃឈប់សំរាកខ្លះសំរាប់ពួកគាត់ផង ជាពិសេសមិនត្រូវប្រើប្រាស់អំពើហឹង្សា សកម្មភាពមិនសមរម្យណាមួយនោះទេ។
៦) រឿងរ៉ាវទាក់ទងទៅនឹងការបង្កើតក្រុមមេធាវីការពារស្ត្រីក្រីក្រដែល សម្តេចតេជោ បានរៀបចំ ដែលពេលនេះត្រូវប្រើប្រាស់មនុស្សប្រមាណជាង៦០នាក់ ដើម្បីដំណើរការការពារដល់ស្ត្រីដែលក្រីក្រ ដែលត្រូវការមេធាវីក្នុងរឿងក្តីផ្សេងៗនោះ ។ ទន្ទឹមនឹងនេះ សម្តេចតេជោបានមានប្រសាសន៍ថា ជំហានដំបូងត្រូវធ្វើការដោះស្រាយស្ត្រីជាពិរុទ្ធជនដែលមិនទាន់បានកាត់ក្តី ដើម្បីផ្ដល់លទ្ធភាពឲ្យគាត់ទទួលបានមេធាវីក្នុងការកាត់ក្តី សម្រាលទោសនិងលើកលែងទោសបើសិនជាមើលឃើញថាស្ថានភាពជាក់ស្តែងយ៉ាងណានោះ។ សូមឲ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី សហការជាមួយពន្ធធនាគារដើម្បីពន្លឿនការដោះស្រាយរឿងនេះឲ្យបានឆាប់រហ័សជាទីបំផុត ។
ក្នុងឱកាសនេះផងដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជូនពរ បងប្អូនជនរួមជាតិ ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមជួបតែសេចក្តីសុខច្រើនព្រមទាំងពុទ្ធពរ ទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាៈ កុំបីឃ្លៀងឃ្លាតឡើយ។
មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជូនបាច់ផ្កាដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំនេះ។ បន្ទាប់មក រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញជូនបាច់ផ្កាដល់ សម្តេចតេជោ និង សម្តេចកិត្តិ ព្រមទាំងបានថតអនុស្សាវរីយ៍ ក្នុងភាពស្និតស្នាល ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩៕