ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាជន ដាច់ទឹកប្រើប្រាស់ នៅស្រុកមោងប្ញស្សី ត្អូញត្អែរតម្លៃទឹកឡើងថ្លៃ ១រថយន្តគោយន្តច្នៃ៣ម៉ឺនរៀល ទៅ៥ម៉ឺនរៀល ខណៈដែលប្រភពផ្គត់ផ្គង់ទឹក រងការរីងស្ងួត

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋ រស់នៅក្នុងទីប្រជុំជន ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ដែលដាច់ទឹកប្រើប្រាស់ បាននាំគ្នា ត្អូញត្អែតម្លៃទឹកឡើងថ្លៃ១រថយន្តគោយន្តច្នៃ៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល ខណៈដែលប្រភពផ្គត់ផ្គង់ទឹកស្រះ ប្រឡាយ និងទឹកស្ទឹងរងការរីងស្ងួត ។

ការដោះស្រាយបញ្ហាដាច់ទឹកប្រើប្រាស់នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបងអាជ្ញាធរស្រុកមោងប្ញស្សីឲ្យដឹងថា ទឹកស្ទឹងមោងប្ញស្សីដែលជាប្រភពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋនៅក្នុងស្រុកមោងប្ញស្សីមកដល់ថ្ងៃទី៥ខែមីនា ឆ្នាំ២០១៩ មានទឹកហូរចូលឲ្យប្រជាជនប្រើប្រាស់វិញហើយ ប៉ុន្តែមិនទាន់ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋនៅឡើយនោះទេ ។

​អនុប្រធានភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី បានប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ឲ្យដឹងថា នៅក្នុងភូមិរបស់លោក ប្រជាជនភាគច្រើនប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនទឹកស្អាតដែលបូមចេញពីស្ទឹងដូនទ្រាហៅស្ទឹងមោងប្ញស្សី ។ ក្នុងរយៈពេលដែលដាច់ទឹកប្រើប្រាស់កន្លងមក ប្រជាជនបានទិញទឹកតាមរថយន្តយកមកប្រើប្រាស់ប្រចាំថ្ងៃ១រថយន្តតម្លៃពី៣ម៉ឺនរៀលទៅ៥ម៉ឺនរៀល តាមជិតនិងឆ្ងាយ បើប្រៀបធៀបតម្លៃទឹកមិនទាន់ដាច់១រថយន្តតម្លៃ១ម៉ឺនរៀលទៅ១ម៉ឺន២ពាន់រៀលប៉ុណ្ណោះ ។
លោកប្រាប់ទៀតថា បញ្ហាដាច់ទឹកប្រើប្រាស់រហូតមកដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ គឺប្រជាជនក្នុងភូមិរបស់លោក មានទឹកប្រើប្រាស់វិញខ្លះហើយ ប៉ុន្តែនៅមិនទាន់ផ្គត់ផ្គង់បានគ្រប់គ្រាន់នៅឡើយនោះទេ ទើបតែបាន៥០ភាគរយប៉ុណ្ណោះ ។ ការផ្គត់ផ្គង់ទឹកបានតែមួយផ្នែកតូចក្នុងឃុំមោងប្ញស្សី និងឃុំគា ចំណែកឃុំជ្រៃមិនទាន់មាននៅឡើយនោះទេ ។

​ជុំវិញបញ្ហានេះ អភិបាលស្រុកមោងប្ញស្សី លោក ទេព ហន ប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃទី៥ ខែមីនា ឲ្យដឹងថាបញ្ហាខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកមោងប្ញស្សីគឺបាន ដោះស្រាយទឹកជូនប្រជាពលរដ្ឋបានមួយចំនួននោះហើយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់នៅឡើយនោះទេ នៅតាមតំបន់ដែលនៅឆ្ងាយខ្វះប្រព័ន្ធចែកចាយទឹកគឺមិនអាចបញ្ជូនទឹកទៅដល់នោះឡើយ ។

​លោកអភិបាលស្រុកប្រាប់ទៀតថា ស្ទឹងដូនទ្រាហៅស្ទឹងមោង ទឹកចាប់ផ្តើមមានជាបណ្តើរៗចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដោយសារការអន្តរាគមន៍បូមទឹកចេញពីប្រឡាយផ្គត់ទឹកកង្ហតស្រុកបាណន់ខេត្តបាត់ដំបង ទើបតែបញ្ជូនមកដល់គឺអន្តរាគមន៍មានរយៈពេលប្រហែល១ខែ ។ ការដោះស្រាយបូមទឹកចេញប្រឡាយកង្ហតស្រុកបាណន់ គឺបង្ហូរចូលតាមស្ទឹងនិងប្រឡាយធ្វើ៣តំណាក់កាល ក្នុង១តំណាក់កាលមានចម្ងាយពី១៧គីឡូម៉ែត្រទៅ១៨គីឡូម៉ែត្រ ។

​លោកអភិបាលស្រុកបញ្ជាក់ឲ្យដឹងទៀតថា តាមស្ទឹង និងស្រះ មួយចំនួន ក្នុងបណ្តាឃុំ និងភូមិ ក្នុងស្រុកមោងប្ញស្សី ក៏មានទឹកប្រើប្រាស់ខ្លះហើយផងដែរ បានមកពីទឹកបង្ហូរចេញពីប្រឡាយកង្ហត ស្រុកបាណន់ ។ ស្ទឹងដូនទ្រា ហៅស្ទឹងមោង ទឹកត្រូវបានបញ្ជូនមកដល់យូរណាស់ហើយ ប៉ុន្តែដោយសារតែនៅក្រុងបាត់ដំបង ខ្វះទឹកប្រើ ប្រាស់ អាជ្ញាធរខេត្តបាត់ដំបង ក៏បង្វែបង្ហូរទឹកពីប្រឡាយកង្ហតចូលទៅស្ទឹងសង្កែ ដើម្បីយកទឹកផ្គត់ផ្គង់នៅក្នុងក្រុងបាត់ដំបង ។

​សូមបញ្ជាក់ថា ស្រុកមោងប្ញស្សី បានប្រឈមដាច់ទឹកប្រើប្រាស់ចាប់តាំងពីក្នុងអំឡុងដើមខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានប្រជាជនប្រមាណ១ម៉ឺន៥ពាន់គ្រួសារ ។ ការជួយអន្តរាគមន៍ដោះស្រាយបញ្ហាទឹកប្រើប្រាស់នៅស្រុកមោងប្ញស្សីគឺអាជ្ញាធរខេត្តបាត់ដំបង និងក្រសួងធនធានទឹកឧតុនិយមបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដាក់ម៉ាស៊ីនបូមទឹក ចេញពីប្រឡាយកង្ហត ស្រុកបាណន់ បង្ហូរទឹកតាមប្រឡាយនិងស្ទឹងចម្ងាយ១០០គីឡូម៉ែត្រឆ្ពោះដល់ទីរួមស្រុកមោងប្ញស្សី ។ ទឹកស្ទឹងដូនទ្រា ហៅស្ទឹងមោងប្ញស្សី ទើបតែទទួលបានទឹកប្រើប្រាស់មានរយៈពេល១ខែ បានទឹកប្រើប្រាស់មួយចំនួន ។

ការរីងស្ងួតដាច់ទឹកប្រើប្រាស់នៅស្រុកមោងប្ញស្សី គឺបង្កដោយគ្រោះធម្មជាតិអាកាសធាតក្តៅហួតហែង និងការបូមទឹកចេញពីប្រឡាយ និងស្ទឹងរបស់ប្រជាកសិករធ្វើស្រូវប្រាំងក្នុង១ឆ្នាំ២ទៅ៣ដង បណ្តាលឲ្យប្រភពផ្គត់ផ្គង់ទឹករងការរីងស្ងួត ៕ សំ វិច្ឆិកា


ចែករំលែក៖