ព័ត៌មានទាន់ហេតុការណ៍៖

រឿង “លោកប្តី” បានការសរសើរខ្លាំងថា កំប្លែងប្លែក និងបង្កប់គំនិតអប់រំខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបកំប្លែង ដែលជាស្នាដៃដឹកនាំសម្តែងរបស់នាយពែកមី គឺរឿង «លោកប្តី» ទទួលបានការសរសើរខ្លាំងពីអ្នកចូលរួមទស្សនា នាថ្ងៃសម្ពោធប្រកាសបើកឲ្យចាក់បញ្ចាំអកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ។ ក្រៅពីកំប្លែងប្លែកពីរឿងដទៃភាពយន្តនេះ ក៏បានបង្កប់នូវទស្សនៈអប់រំល្អមួយ ពិសេសជុំវិញបញ្ហាស្នេហាត្រីកោណ ដែលជាបញ្ហារសើបខ្លាំងក្នុងសង្គមបច្ចុប្បន្ន ។

ជាស្នាដៃដឹកនាំសម្តែងថ្មីចុងក្រោយ នាយ ពែក មី បានលើកឡើងថា រឿងនេះលោកបានដកស្រង់ចេញពីរឿងពិតមួយចំនួនដែលសង្គមកំពុងជួបប្រទះ និងជាបញ្ហារសើបកើតមានក្នុងគ្រួសារជាច្រើន ពិសេសគឺរឿងប្តីមានស្រីខាងក្រៅ ។ ទោះជាយ៉ាងណា លោកទទួលស្គាល់ថា ឈុតឆាកខ្លះ ក៏លោកធ្លាប់ជួបផ្ទាល់ផងដែរ ទោះបង្កើតមានជារឿងមួយនេះបាន ។ លោកថា ប្តីសម្តែងដោយលោកផ្ទាល់ ហើយប្រពន្ធដើមសម្តែង ដោយ នាងខ្ញុង ខណៈដែលស្រីកំណាន់ខាងក្រៅ គឺសម្តែងដោយកញ្ញា ឯក ហេង ចាន់ថា ។

នាងខ្ញុង ដែលជាតួអង្គសំខាន់ក្នុងរឿងនេះ បញ្ជាក់ថា មានឈុតឆាកកំប្លែង និងកម្សត់មួយចំនួន ដែលបង្កប់ដោយទស្សនៈអប់រំ ។ នាងថា ក្នុងរឿងនេះ នាងមានឈុតឆាកសម្រក់ទឹកភ្នែកច្រើន ព្រោះតែប៉ះប្តីកំពូលល្បិចតាមមិនទាន់ ។ នាងបញ្ជាក់ថា ភាពយន្តនេះ នឹងឆ្លុះបញ្ចាំងពីស្ថានភាពពិតក្នុងគ្រួសារមួយចំនួនដែលធ្លាប់ជួបរឿងនេះ ហើយនាងយល់ថា ភាពយន្តនេះ ក៏នឹងជួយជំរុញលើកទឹកចិត្តស្ត្រី និងកែប្រែអត្តចរិកប្តីកំហូចមួយចំនួនផងដែរ ។

ក្រោយទស្សនាថ្ងៃប្រកាសសម្ពោធភាពយន្តនេះចប់ទស្សនិកជនជាច្រើន បានកោតសរសើរស្នាដៃកំប្លែងបែបថ្មី ដែលដឹនាំសម្តែងដោយ តារាកំប្លែង នាយ ពែកមី ដែលក្រៅពីឈុតឆាកកំប្លែងថ្មី វាបានបង្កប់នូវទស្សនៈអប់រំច្រើន និងបានលាតត្រដាងអំពីល្បិចកិចកលមួយចំនួនរបស់ស្វាមី ដែលតែងលួចលាក់មានស្រីខាងក្រៅ ។

គួរបញ្ជាក់ដែរថា រឿង “លោកប្តី” របស់ផលិតកម្ម LD Picture នឹងធ្វើការចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ចាប់ពីថ្ងៃទី០៧ខែមីនាឆ្នាំ២០១៩នេះ ។ ផលិតកម្មនេះ ទើបនឹងបញ្ចប់ការចាក់បញ្ចាំងដោយជោគជ័យជាមួយភាពយន្តខ្នាតធំរឿង«អង្រឹង» ហើយគ្រោងនឹងបន្តបញ្ចេញស្នាដៃភាពយន្តខ្មោចបែបកំប្លែងគឺរឿង«ឯណាខ្មោច?» នៅថ្ងៃទី២១ ខែមីនា ខាងមុខនេះផងដែរ ៕ វឌ្ឍនា


ចែករំលែក៖