ភ្នំពេញ៖ យុវជន២នាក់ ជិះកង់បីឥណ្ឌាចេញពីក្លឹបត្រូវក្មេងស្ទាវមួយក្រុម ដេញវាយនឹងគប់ដុំថ្មទៅលើយុវជនទាំង២នាក់នោះបណ្ដាលឲ្យយុវជនម្នាក់ ត្រូវចំថ្គាមមួយដុំថ្ម សន្លប់នៅលើកង់បី ហើយម្ចាស់កង់បី និងយុវជនម្នាក់ទៀត ស្ទុះរត់ចូលផ្ទះលក់ចាប់ហួយ រួចដេញតាមវាយគប់ដល់មុខផ្ទះ បណ្ដាលឲ្យត្រូវម្នាក់មួយដុំថ្ម និងត្រូវស្រី្តម្ចាស់ផ្ទះរងរបួសទៀត ហើយរត់ចេញមកវិញនាំគ្នាលួចយកទូរស័ព្ទនៅលើកង់បី និងយកទាំងសាំងទៅ៤ដបទៀត រួចជិះគេចខ្លួនបាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ២ មុខផ្ទះលក់ចាប់ហួយមួយកន្លែង ទល់មុខរោងចក្រ ជិនមីយ៉ុង ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើសម្ដីយុវជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំង២នាក់ បានចូលក្លឹបមួយឈ្មោះថា “RAIN CLUB” នៅចាក់អង្រែក្រោម។
បន្ទាប់ពីផឹកនឹងរាំកម្សាន្តរហូតអស់ស្រា ពួកគេបានត្រលប់ទៅផ្ទះវិញ ដោយហៅកង់បីឥណ្ឌា នៅចាំដឹកអ្នកដំណើរនៅខាងមុខក្លឹបនោះដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២។
ខណៈមកជិតដល់ចំណុចកើតហេតុនោះ ស្រាប់តែឃើញក្មេងស្ទាវមួយក្រុម មានគ្នាច្រើន ជិះម៉ូតូជិត១០គ្រឿង ជិះតាមមកពីក្រោយ រួចងាកមើលពួកគាត់ ហើយក៏ជិះទៅបាត់អស់ទៅ ទើបអ្នកបើកកង់បី បន្តដំណើរទៅមុខបានបន្តិចក៏អែបស្ដាំដៃឈប់មុខផ្ទះលក់ចាប់ហួយ ស្រាប់តែបន្តិចក្រោយមក ក្រុមក្មេងស្ទាវទាំងនោះ ត្រលប់មកវិញ ប្រដាប់ដោយខ្សែក្រវ៉ាត់ និងដុំថ្ម គ្រប់ៗគ្នា រួចជិះមកគប់សំដៅលើកង់បីនោះតែម្ដង បណ្ដាលឲ្យកង់បីបែកកញ្ចក់ខាងមុខ និងខាងក្រោយខ្ទេច និងយុវជនម្នាក់ត្រូវមួយដុំថ្ម ចំថ្គាមរងរបួសសន្លប់លើកង់បី ហើយម្ចាស់កង់បីនិងយុវជនម្នាក់ទៀត ស្ទុះរត់ចូលផ្ទះលក់ចាប់ហួយ រួចដេញតាមវាយគប់ដល់មុខផ្ទះ បណ្ដាលឲ្យត្រូវម្នាក់មួយដុំថ្ម និងត្រូវស្រី្តម្ចាស់ផ្ទះរងរបួសជើងខាងឆ្វេង។
ក្រោយកើតហេតុក្មេងស្ទាវទាំងនោះបាននាំគ្នារត់ បានលួចយកទូរស័ព្ទមួយគ្រឿងដែលដោតសាកថ្ម នៅជាប់ដៃចង្កូតលើកង់បី និងយកទាំងសាំងទៅ៤ដបទៀត រួចជិះគេចខ្លួនបាត់អស់ពីកន្លែងកើតហេតុ។
បន្ទាប់មក ជនរងគ្រោះទាំង៣នាក់នោះ មិនដាក់ពាក្យបណ្ដឹងអ្វីទេរួចក៏ឡើងជិះកង់បីនោះចេញទៅ និងសុំឲ្យកម្លាំងល្បាត ជួយជូនឲ្យផុតពីមូលដ្ឋាន ដោយសុវត្តិភាព ៕ ជ្រោយពេជ្រ