ព័ត៌មានទាន់ហេតុការណ៍៖

ចិនបង្កើនសមត្ថភាពការពារដែនអាកាស ដោយប្រព័ន្ធមីស៊ីលទំនើបៗ

ចែករំលែក៖

បើមានសង្គ្រាម កើតឡើងនាពេលបច្ចុប្បន្ន ការវាយប្រហារតាមដែនអាកាសដើរតួនាទីយ៉ាងសំខាន់ ទាំងនោះហើយ ទើបប្រទេសជាច្រើន​បានសម្រេច​បង្កើត ផលិតមីស៊ីលទំនើប ៗ មានល្បឿនលឿនជាងសំឡេង​។ ដើម្បីទប់ស្កាត់ការវាយប្រហារ ប្រទេសជាច្រើនក៏បានខិតខំផលិតមីស៊ីល ការពារ ដើម្បីវាយស្ទាក់កម្តេច មីស៊ីល ឬយន្តហោះចម្បាំងទាំងនោះ ។

មហាអំណាចអាស៊ី គឺចិន បានខិតខំពង្រឹង សម្ថភាពការពារប្រព័ន្ធមីស៊ីលទប់ស្កាត់ការវាយប្រហាររបស់សត្រូវ ដោយចិនបានទិញមីស៊ីលការពារដ៏ទំនើប រយៈចម្ងាយឆ្ងាយពីរុស្ស៊ី ប្រព័ន្ធមីស៊ីល​ការពារដ៏ទំនើបរបស់រុស្ស៊ី​ S-400 អាចកម្ទេចវត្ថុហោះហើរ មានចម្ងាយរាប់រយគីឡូម៉ែត្រ។ ចិន គឺជាប្រទេសទីមួយដែលមានប្រព័ន្ធមីស៊ីលខាងលើ ដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ព ។

ចិន ទទួលបានប្រព័ន្ធមីស៊ីលការពារ​​ដែនអាកាស​ S-400 Triumf ពីរុស្ស៊ីមុនគេបង្អស់ ក្រោយពេលចិន និងរុស្ស៊ីបានចុះហត្ថលេខា ទិញមីស៊ីលខាងលើកាលពីឆ្នាំ​២០១៤ ក្នុង តម្លៃ​៣ពាន់លានដុល្លារអាមេរិក​។ តាមកិច្ចព្រមព្រៀងនោះ រុស្ស៊ីនឹងផ្តល់ជូន​នូវពីរកងពលមីស៊ីលការពារ​ S-400 Triumf ហើយកងពលទីមួយ បានប្រគល់ជូននៅខែធ្នូ ឆ្នាំ​២០១៨ និងកងពលមីស៊ីល​ S-400 Triumfទីពីរ នឹងប្រគលជូននៅចុងឆ្នាំ២០១៩នេះ ។

កម្លាំងទាហានចិនប្រមាណ ១០០នាក់ ត្រូវបានបញ្ជូនទៅសិក្សាវគ្គហ្វឹកហ្វឺន ពីវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ ប្រតិបត្តិការ មីស៊ីល​ S-400​Triumf ​នៅក្នុងប្រទេសរុស្ស៊ី ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០១៩ ។

សារព័ត៌មាន​ TASS ​របស់រុស្ស៊ី​បានដកស្រង់ប្រភពព័ត៌មាន មន្ត្រីយោធា បានឲ្យដឹងថា​«ទាហានប្រមាណ​១០០នាក់ មកពីកងទ័ពរំដោះប្រជាជនចិន នឹងត្រូវឆ្លងកាត់ការហ្វឹកហ្វឺននៅក្នុងប្រទេសរុស្ស៊ី​ ពីវិធីសាស្ត្រ ក្នុងការប្រតិបត្តិការ​ S-400 ​ ដែលនឹងត្រូវប្រគល់ឲ្យចិន នៅចុងឆ្នាំនេះ​។

កន្លងមកថ្មីៗ ចិនបានសាកល្បងដោយជោគជ័យ នៅមីស៊ីល S-400 Triumf​ ដោយបាញ់កម្ទេចគោលដៅនៅក្នុងចម្ងាយ ដល់ទៅ​៤០០គីឡូម៉ែត្រ ដោយអាចហោះហើរកម្ពស់​៣០គីឡូម៉ែត្រ​៕ ធីរីណា


ចែករំលែក៖