ភ្នំពេញ៖ លោក អ៊ុក សុធារក្ស មានគណនីហ្វេសប៊ុក “Ouk Sothearek”តារាសម្ដែងមិនសូវល្បីឈ្មោះស្លៀកពាក់អ្នកជាប់ទោសមករាំកម្សាន្ត ដេីម្បីទាញយកការចាប់អារម្មណ៍ ។
គោលដៅបានសម្រេចមែន សន្ទុះអ្នកស្គាល់តារាសម្ដែង អ៊ុក សុធារក្ស កេីនឡេីង ដោយសារមានការផ្សព្វផ្សាយជាច្រើន ។
ក្រោយអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ បែរជាតារាសម្ដែង អ៊ុក សុធារក្ស ចេញឃ្លីបវីដេអូសុំទោសវិញ ។
មជ្ឈដ្ឋានជាច្រើន យល់ឃើញថា នេះជា”យុទ្ធសាស្ត្រថ្មី ឆាប់ល្បី ! ធ្វើខុស រួចចាំសុំទោស”។ នេះក៏អាចជាគំរូដល់បុគ្គលផ្សេងទៀតដែរ ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងថា”ក្នុងនាមជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារ ខ្ញុំសូមជម្រាបសាធារណៈជនមេត្តាជ្រាប ករណីនេះជាទង្វើឆ្កួតលីលាដោយគ្មានការទទួលខុសត្រូវរបស់តារាសម្តែងម្នាក់នេះ”
“ក្នុងដំណាក់កាល ដែលមន្ត្រីពន្ធនាគារទូទាំងប្រទេសកំពុងខិតខំអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រើប្រាស់ទូរស័ព្ទតាមពន្ធនាគារ បុគ្គល Ouk Sothearek បែរជាយកការសម្តែងរបស់ខ្លួនមកលេងសើច បំពុលបរិយាកាស ធ្វើឲ្យមានការភាន់ច្រលំពីសំណាក់មហាជន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រី ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារទាំងមូល”។
លោកសង្កត់ធ្ងន់ថា”យើងនឹងចាត់វិធានការផ្លូវច្បាប់ បើបុគ្គលនេះមិនចេញមុខមកសុំទោស និងធ្វើសេចក្តីបំភ្លឺជាសាធារណៈ”៕ ចេស្តា