ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកូរ៉េខាងត្បូង ទៅកាន់អាមេរិក ពិភាក្សាពីលទ្ធផលនៃកិច្ចប្រជុំលើកទីពីរនៅវៀតណាម

ចែករំលែក៖

ឧបការីកូរ៉េខាងត្បូង​ស្តីពីបញ្ហាកូរ៉េខាងជើង បានធ្វើដំណើរទៅកាន់ អាមេរិកដើម្បីពិភាក្សា​ស្តីពី​លទ្ធផល នៃជំនួបកំពូលលើកទីពីរ រវាងលោកត្រាំ នឹង គីម ​នៅទីក្រុងហាណូយ កាលពីថ្ងៃទី​២៧និង២៨ ខែកុម្ភៈ។

លោក​ Lee Do Hoon មន្ត្រីកូរ៉េខាងត្បូង ទទួលបន្ទុកស្តីពិសន្តិសុខ សន្តិភាពនៅឧបទ្វីបកូរ៉េ​បានឡើងទៅកាន់អាមេរិក​ កាលពីថ្ងៃទី​៥ ខែមីនា ដើម្បីជួបពិភាក្សាជាមួយសមភាគីអាមេរិក​ Stephen Biegun ​។ ដំណើរទស្សនកិច្ចនោះមានរយៈពេល​២ថ្ងៃ ពិភាក្សាទៅលើលទ្ធផលនៃជំនួបកំពូល​ជាលើកទីពីរ និងកិច្ចពិភាក្សា ជាបន្តទៀតនាពេលខាងមុខ​។

ជាមួយគ្នានេះដែរ នៅកូរ៉េខាងត្បូង រដ្ឋាភិបាលបានខិតខំជំរុញឲ្យបើកទ្វារឡើងវិញតំបន់ឧស្សាហកម្មរួម​នៅតំបន់កេស៊ុង ដើម្បី​ទទួលបាន ដែលជាការលើកទឹកចិត្តដល់កូរ៉េជើង បន្ទាប់​​ពីការឈប់ធ្វើសមយុទ្ធជាទ្រង់ទ្រាយធំជាមួយអាមេរិក ។

នៅពេលនេះ កូរ៉េខាងត្បូងបានប្រកាសនៅរូបភាព​ពីផ្កាយរណប ថាកូរ៉េខាងជើងកំពុងតែដំណើរការឡើងវិញនៅទីតាំងសាកល្បងមីស៊ីល ។​ កូរ៉េខាងជើងបានចាប់ផ្តើម ដំណើរការឡើងវិញ ទីតាំងបាញ់សាកល្បងកាំជ្រួចមីស៊ីល ដែលទីតាំងនេះ ត្រូវបានកូរ៉េខាងជើងរំលាយចោល កាលពីគ្រាកន្លងមកថ្មីៗនោះ ។

ប្រភពព័ត៌មានប៊ីប៊ីស៊ីផ្សាយថ្ងៃទី៦ ខែមីនាថា រូបភាពចាប់បាន តាមរយៈផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងបាននិងកំពុងដំណើរការឡើងវិញ ទីតាំងបាញ់កាំជ្រួចមីស៊ីល របស់ខ្លួន ដែលត្រូវបានរំលាយចោលតាមកិច្ចព្រមព្រៀងនោះ ។

រូបភាពចាប់បានទាំងនេះ កើតឡើងក្រោយ២ថ្ងៃប៉ុណ្ណោះ ដែលមេដឹកនាំអាមេរិក កូរ៉េខាងជើង បញ្ចប់ជំនួបកំពូលលើកទីពីរ នៅវៀតណាម ដោយមិនមានកិច្ចព្រមព្រៀងណាមួយជាផ្លូវការឡើយ ។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងក្រុមចារកម្មកូរ៉េខាងត្បូងបានលើកឡើងស្រដៀងគ្នាចំពោះបញ្ហានេះ ។ ក្រុមចារកម្មកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានដំណើរការឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងបាញ់សាកល្បងរ៉ុក្កែត តំបន់ Sohae និងនៅរោងចក្រ Tongchang-ri ។

តាំងពីឆ្នាំ២០១២មក ទីតាំង Sohae ក្លាយជាទីកន្លែងបាញ់សាកល្បងផ្កាយរណបដ៏សំខាន់ របស់កូរ៉េខាងជើង ។ វាត្រូវបានប្រើប្រាស់ជាទីតាំងសាកល្បីមីស៊ីល ដែលមានសមត្ថភាពហោះទៅដល់ទឹកដីអាមេរិកផងដែរ ។ ប៉ុន្តែទោះបីយ៉ាងណា កូរ៉េខាងជើងមិនបានបាញ់សាកល្បងប្រព័ន្ធមីស៊ីលប៉ាលីស្ទិកនោះឡើយ ។

កិច្ចពិភាក្សារំសាយអាវុធបរមាណូ កូរ៉េខាងជើង និងមហាអំណាចអាមេរិក បានជាប់គាំងសារជាថ្មី ជាលើកទី២ ។

គេនៅមិនទាន់ដឹងថា កូរ៉េខាងជើងងាកទៅរកការផលិតអាវុធឡើងវិញ ឬយ៉ាងណានៅឡើយទេ ក្រោយពីការចរចាបរាជ័យនេះ ។ កូរ៉េខាងជើងស្នើឲ្យអាមេរិកលុបចោលទណ្ឌកម្មដោយផ្នែក ជាថ្នូរនឹងការរំសាយអាវុធបរមាណូ ប៉ុន្តែអាមេរិកមិនព្រម ហើយដើរចេញពីកិច្ចប្រជុំតែម្តង កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ៕


ចែករំលែក៖