អតីតប្រធានាធិបតីកូរ៉េខាងត្បូង ពីររូប លោក Lee Myung-bakនិងលោកស្រី Park Geun-hye ត្រូវតុលាការចាប់ខ្លួនពីបទ កេងប្រវ័ញ្ចអំណាច និងទទួលសំណូក ត្រូវបានកាត់ទោសជាប់ពន្ធនាគារ ជាច្រើនឆ្នាំ ។
ដោយសារតែបញ្ហាសុខភាព តុលាការកាត់ទោសជាប់ពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយជិត១ឆ្នាំកន្លងមកនោះ, អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំហើយ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ។
លោក Lee Myung-bak អតីតប្រធានក្រុមហ៊ុន ក្លាយជាប្រធានាធិបតី ដឹកនាំកូរ៉េខាងត្បូងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០១៣នោះ ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ១៥ឆ្នាំ ក្រោមបទល្មើសប្រព្រឹត្តអំពើពុករលួយ សំណូកសូកប៉ាន់ កាលពីខេតុលា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មាន Yonhap ផ្សាយយ៉ាងដូច្នេះថា តុលាការកំពូលទីក្រុងសេអ៊ូល បានសម្រេចយល់ព្រមតាមសំណើសុំនៅក្រៅឃុំរបស់លោក Lee ដែលមានអាយុ៧៧ឆ្នាំទៅហើយនោះ ។ កាលពីខែមករា ឆ្នាំ២០១៩ លោក Lee បានដាក់សំណើសុំនៅក្រៅឃុំ ដោយមូលហេតុជំងឺជាច្រើនមុខ ដូចជាទឹកនោមផ្អែម និងការថប់ដង្ហើម ព្រមទាំងអាយុ កាន់តែវ័យចាស់គ្រាំគ្រាជាដើម ។
អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ត្រូវគេរកឃើញប្រព្រឹត្តកំហុសទទួលសំណូករាប់ពាន់លានដុល្លារពីក្រុមហ៊ុន សាំសុងអេឡិចត្រូនិក ជាថ្នូរនឹងការលើកលែងទោសដោយប្រធានាធិបតី ទៅលើប្រធានក្រុមហ៊ុន Lee Kun-hee ដែលជាប់ឃុំដោយសារគៃបំបាត់ប្រាក់ពន្ធ ។
លោក Lee បានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយនិយាយថា មិនបានប្រព្រឹត្តកំហុសនោះទេ និងថា ការចោទប្រកាន់នេះ គឺជាហេតុផលនយោបាយ ។ សូមបញ្ជាក់ថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងទាំងអស់៤រូប បាននិងកំពុងជាប់ពន្ធនាគារ ក្រោមបទឧក្រិដ្ឋកម្មផ្សេងៗ ។
អ្នកស្នងតំណែងរបស់លោក Lee គឺអតីតប្រធានាធិបតី លោកស្រី Park Geun-hye ត្រូវតុលាការកាត់ទោស២៥ឆ្នាំជាប់ពន្ធនាគារ និងពិន័យប្រាក់រាប់លានដុល្លារ ពីបទប្រព្រឹត្តអំពើទទួលសំណូក និងរំលោភបំពានអំណាច ។
លោកស្រី ត្រូវបណ្តេញចេញពីអំណាចក្នុងឆ្នាំ២០១៧ ក្រោយរឿងអាស្រូវពុករលួយល្បីរន្ទឺពាសពេញប្រទេស នាំឲ្យមានការធ្វើមហាបាតុកម្មប្រឆាំងទម្លាក់លោកស្រី ៕