ថ្មីៗនេះមានព័ត៌មានមួយឲ្យដឹងថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយជាលើកទី២នូវទឹកប្រាក់២លានដុល្លារអាមេរិក ដល់អង្គការ ស៊ីម៉ាក់ យកទៅប្រើប្រាស់ក្នុងរយៈពេលមួយឆ្នាំ២០១៩ សម្រាប់យកទៅដោះមីន និងគ្រាប់បែកទម្លាក់ពីលើយន្តហោះដែលអាមេរិកាំងខ្លួនឯងបន្សល់ទុកនៅកម្ពុជា ក្នុងសម័យ សង្រ្គាមទសវត្សឆ្នាំ៦០-៧០ បន្ទាប់ពីលើកទី១ឆ្នាំ២០១៨បានផ្តល់ចំនួន ១.៦លានដុល្លារ ដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមរបស់ខ្លួននោះ ។
នាយជាលគិតថា ជំនួយរបស់អាមេរិកាំងទាំងពីរលើកនេះ គឺជាជំនួយលាងអាចម៍ឯង ។ ហេតុអីបានជានាយជាលហ៊ានថាដូច្នេះ? បើពិនិត្យនៅកម្ពុជាតាំងពីពេលមុន រហូតដល់បច្ចុប្បន្ន តើដែលឃើញអាមេរិកផ្តល់ជំនួយនូវហេដ្ឋារចនាសម្ព័ន្ធ ធំៗ ដូចជា ស្ពាន សាលា រៀន មន្ទីរពេទ្យ ដល់ប្រជាពលរដ្ឋប្រើប្រាស់គ្រាន់កូនចៅជំនាន់ក្រោយចងចាំដែរឬទេ? ក្រៅពីផ្លូវជាតិលេខ៤ ដែលចាស់ទ្រុឌទ្រោម និងជំនួយផ្នែកវប្បធម៌ សុខាភិបាល…តិចតួចគឺ ហ្សេរ៉ូតាផ្លាកតែម្តង ។ វាខុសពីប្រទេសមហាអំណាចដទៃ ដូចជា ជប៉ុន ចិន និង រុស្ស៊ី កូរ៉េ ជាដើម គេបានផ្តល់ជំនួយ ស្ពាន ថ្នល់ សាលារៀន និងមន្ទីរពេទ្យជាដើម តាំងពីសម័យមុន មនាឈ្មោះមកដល់បច្ចុប្បន្ន និងមិនទាន់គិតពីជំនួយនាពេលសព្វថ្ងៃនេះផង ។
នាយជាលសួរថា ចាប់តាំងពីកម្ពុជាបញ្ចប់សង្រ្គាមពីឆ្នាំ១៩៩៣ មកនោះ តើអាមេរិកបានជួយធំដុំស្អីខ្លះដល់កម្ពុជា ក្រៅពីចាក់រុកអុជអាលជាមួយគណបក្សជំទាស់ឲ្យប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់?
កន្លងមកនាយជាលបានឮខ្លះៗដែរនូវជំនួយពីមហាអំណាចមួយនេះជាទឹកប្រាក់រាប់លានដុល្លារដល់កម្ពុជាយើង តែលុយទាំងនេះមិនមែនយកមកអភិវឌ្ឍន៍សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ដូចជប៉ុន ចិន កូរ៉េ រុស្ស៊ី នោះទេ ភាគច្រើនយកមកដោះមីន និងគ្រាប់បែកទម្លាក់ពីលើយន្តហោះដែលអាមេរិកាំងខ្លួនឯងបន្សល់ទុកនៅកម្ពុជា ក្នុងសម័យសង្រ្គាមប៉ុណ្ណោះ ។ ត្រង់នេះហើយដែលនាយជាលឲ្យឈ្មោះថា« ជំនួយលាងអាចម៍ឯង » មិនខុសពីវ៉ៃក្បាលឲ្យគេបែកហើយ បោះបង់ឲ្យរុំរបួសនោះទេ ៕ នាយជាល