ភ្នំពេញ៖ ជនសង្ស័យម្នាក់ ប៉ុនប៉ងបើកទ្វាររថយន្តបុរសជាជនជាតិបរទេសម្នាក់ កំពុងដេកលង់លក់ក្នុងរថយន្ត ដើម្បីលួចយកទ្រព្យសម្បត្តិ តែមិនបានសម្រេចក៏ត្រូវជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ចាប់ជាប់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះមកឃាត់ខ្លួន កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៣ នៅចំណុចក្រោយវត្តឧណ្ណាលោម ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះចាន់ រស្មី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ ។ចំណែកជនរងគ្រោះ ជាជនជាតិបរទេស មិនបានប្រាប់ពីអត្តសញ្ញាណរបស់គាត់ព្រោះមិនបានដាក់ពាក្យបណ្ដឹង មានវ័យជាង៥០ឆ្នាំ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ បុរសរងគ្រោះជាជនជាតិបរទេស មិនដឹងថាគាត់មកពីណានោះទេបានជាបើករថយន្តម៉ាកហ្ស៊ីប ស៊េរីចាស់មួយគ្រឿង ទំនងជាស្រវឹងបើកទៅមុខលែងរួច ក៏បានឈប់រថយន្តដេកនៅចិញ្ចើមផ្លូវលេខ១៧៨ ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ បានដើរជុំវិញរថយន្តរបស់ជនរងគ្រោះចំនួន២ទៅ៣ជុំ រួចបំរុងនឹងបើកទ្វាររថយន្តប៉ុនប៉ងលួចទ្រព្យសម្បត្តិ ភ្លាមនោះជនរងគ្រោះដឹងខ្លួនទាន់ក៏ស្ទុះទៅចាប់ជនសង្ស័យ បានភ្លាមៗនៅចំណុចកើតហេតុ រួចបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកឃាត់ខ្លួនតែម្តង ។
បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា កន្លងមកខ្លួនធ្លាប់លួចគេចំនួន៣ដងមកហើយ និងធ្លាប់ជាប់ក្នុងមណ្ឌលកែប្រែចំនួន២ទៅ៣ដងផងដែរ ។
ក្រោយកើតហេតុ ដោយសារជនរងគ្រោះមិនមានបាត់បង់សម្ភារអ្វីនោះ ក៏ព្រមឲ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើកិច្ចសន្យាអប់រំ រួចឲ្យត្រឡប់ទៅផ្ទះវិញ ៕ស រស្មី