ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ចង់ឲ្យស្ត្រីឡើងជាមេប៉ុស្តិ៍និងអធិការ វិញម្តង ខណៈបច្ចុប្បន្ននេះ មេប៉ុស្តិ៍និងអធិការនគរបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ សុទ្ធតែបុរស ។
ស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត ថ្លែងបែបនេះ ក្នុងពិធីអបអរសាទរទិវាអន្តរជាតិ៨មីនា លើកទី១០៨ ក្រោមប្រធានបទ”លើកកម្ពស់សមភាពយេនឌ័រ ការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស”នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នេះ។
លោក ស ថេត ថ្លែងថា”ស្ត្រីជានគរបាល មានទេពកោសល្យខ្ពស់ ក្នុងការសួរចម្លើយជនសង្ស័យ ព្រោះពួកគាត់ប្រើប្រាស់ពាក្យសម្តីល្អនិងទន់ភ្លន់ ។ លោកចង់ឲ្យនៅក្នុងរាជធានីភ្នំពេញ មានមេប៉ុស្តិ៍ និងអធិការជាស្រ្តី ដើម្បីឲ្យក្លាយជាគំរូល្អ ។ ប៉ុន្តែស្រ្តីខ្លួនឯង ត្រូវបង្កើនសមត្ថភាពឲ្យសាកសមទៅនឹងតំណែងដែលថ្នាក់ដឹកប្រគល់ឲ្យ ។
ស្នងការរាជធានីភ្នំពេញ បន្តថា ពេលបង្ក្រាបបទល្មើស ស្រ្តីជានគរបាល ក៏ត្រូវការជួយក្នុងការចាប់ចងជនសង្ស័យជាស្រ្តីផងដែរ ៕ចេស្តា