ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ សម្រេច ឃុំខ្លួនជនដៃដល់ ចាក់សម្លាប់បុរសម្នាក់ ដោយសារយល់ច្រឡំរឿងភ្លើងប្រច័ណ្ឌ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនដៃដល់ម្នាក់ ជាឃាតក ចាក់សម្លាប់បុរសម្នាក់ ដោយសារបុរសជនរងគ្រោះយល់ច្រឡំថា លួចមានស្នេហាជាមួយប្រពន្ធខ្លួន បានវាយទៅលើជនដៃដល់មុន ធ្វើឲ្យជនដៃដល់ទ្រាំមិនបាន យកដែកស្នរ ចាក់រហូតដល់ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រូវបានលោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ សម្រេចចេញដីការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា (មានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ) ដែលប្រព្រឹត្តនៅ ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី ថ្ងៃទី០៤ ខែមីនា ២០១៩ វេលាម៉ោង ២០និង០០នាទី តាមមាត្រា២៤៤ នៃក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទឈ្មោះ សំ សុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

ជនរងគ្រោះឈ្មោះ ស៊ុំ វឿន ហៅ ប៉ាវ ចិន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះមានសភាពស្រវឹងស្រាដូចគ្នា ហើយជនរងគ្រោះប្រចណ្ឌប្រពន្ធជាមួយនឹងជនសង្ស័យ ទើបបង្កឲ្យមានទំនាស់ពាក្យសម្តី រហូតវាយតបគ្នា ពេលនោះជនរងគ្រោះបានយកដំបងឬស្សីវាយ ជនសង្ស័យត្រូវចំក្បាល០៣ដំបង ចំណែកជនសង្ស័យបានទាញយកស្នមុខប្រាំមកចាក់ត្រូវជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរត់ចេញពីកន្លែងកើតហេតុពុំដឹងទៅណាទេ។ លុះដល់វេលាម៉ោង ៦និង៣០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋបានឃើញ ជនរងគ្រោះដេកស្លាប់ផ្ទាល់ដីនៅជាប់ផ្ទះឈ្មោះ វ៉ៃ ស្រីលក្ខ័ បានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ បន្ទាប់មកកម្លាំងនគរបាលផ្នែកយុត្តិធម៌ស្រុកសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ចុះដល់កន្លែងកើតហេតុស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធី ៕ ឆ ដា


ចែករំលែក៖