ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ក្អួតធ្លាក់ឈាមប្រឡាក់ពេញខ្លួន ខណៈកំពុងឈរធ្វើកូដកម្មនៅខាងមុខរោងចក្រ W&D ទាំងខ្លួនមានជំងឺប្រចាំកាយ ដើម្បីសុំកិច្ចអន្តរាគមន៍រកដំណោះស្រាយបញ្ហាការងារ ដែលថៅកែបញ្ឈប់កម្មករ ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីព្រឹក ថ្ងៃសុក្រ ៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រW&D ផ្លូវ២១៧ ក្នុងភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួររំលឹកថា កម្មកររោងចក្រ W&D ខាងលើនេះ បានផ្ទុះការតវ៉ាទាមទាររកដំណោះស្រាយការងារ ជាច្រើនខែណាស់មកហើយ តែមិនទាន់ទទួលបានលទ្ធផលនោះទេ ទើបពួកគាត់នៅតែបន្តធ្វើកូដកម្មនៅខាងមុខរោងចក្រជារៀងរាល់ថ្ងៃ លុះនៅព្រឹកកើតហេតុ ស្រាប់តែមានបុរសម្នាក់ ដែលជាកម្មកររោងចក្រខាងលើ កំពុងឈរតវ៉ាជាមួយគ្នាកម្មករផ្សេងទៀត ស្រាប់តែក្អួតឈាមចេញមកតាមមាត់ប្រឡាក់សុទ្ធតែឈាមពេញខ្លួន ភ្លាមនោះត្រូវកម្មករដូចគ្នា ដឹកតាមម៉ូតូបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ គួរឲ្យអាណិតអាសូរខ្លាំងណាស់ ៕ សុខា សែនជ័យ