ខេត្តកំពង់ធំ៖ វេលាម៉ោង១៨និង២៧នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ មីនា ឆ្នាំ ២០១៩ ថា មានមនុស្សគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យស្លាប់ នៅចំណុចផ្លូវលំហៅ ថ្នល់តាសាយ តំបន់ត្រពាំងចំបក់ ទឹកដីឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាន គឹមហួត ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ស្លាប់នៅតាមផ្លូវពេលដឹកយកទៅពេទ្យ ។
តាមការបំភ្លឺពីនារីជាសង្សាររបស់សព ឈ្មោះ ឈ ឈុនឡាយ មុខរបរសិស្សថ្នាក់ទី ១២ នៅភូមិត្នោត ឃុំកំពង់ ស្វាយ ស្រុកកំពង់ស្វាយ បានបំភ្លឺថា៖ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២:៣៨នាទី ខ្លួនបានតេទូរសព្ទ័ទៅឈ្មោះ គឹម ហួត ជាសង្សារឲ្យមកលេងផ្ទះខ្លួន លុះដល់ម៉ោង១២:៥៨នាទី សួរថាមកដល់ណាហើយ ឈ្មោះ គឹមហួត ក៏បានឆ្លើយថា៖ មកដល់កន្លែងវាលស្រឡះហើយ អស់រយះពេលប្រហែល១០នាទីក្រោយ នាងខ្ញុំបានតេទូរសព្ទ័បន្តទៀត តែឈ្មោះគឹម ហួត មិនបានឆ្លើយតបមកទេ រហូត ចុងក្រោយមានសំឡេងមនុស្សស្រីម្នាក់ បានលើកទូរសព្ទ័ជំនួស ហើយបានប្រាប់ខ្ញុំថា៖ ម្ចាស់ទូរសព័្ទនេះគាត់ជួបគ្រោះថ្នាក់ហើយ គឺដួលម៉ូតូដោយខ្លួនឯង អូនឯងត្រូវជាសាច់ញាតិឬ? ខ្លួនឆ្លើយថា៖ ខ្ញុំស្គាល់គ្នា ហើយពេលនោះខ្លួនបានតេទូរសព្ទ័ទៅបងប្រុសបង្កើតរបស់ជនរងគ្រោះឈ្មោះ គឹម ហេង ខ្លួនបានទៅដល់កន្លែងកើតហេតុ ឃើញមនុស្សប្រហែលដប់នាក់ជាងនៅឈរមើលជនរងគ្រោះ។
ការបំភ្លឺពីឈ្មោះ អ៊ុត វណ្ណារីន ភេទប្រុស នៅភូមិរូង ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ បញ្ជាក់ថា៖ ខ្លួនបើកឡានទៅសាលា ឃុំកំពង់ស្វាយតាមផ្លូវលំ លី គឹមសាយ ទៅដល់ត្រង់ចំណុចត្រពាំងចំបក់ប្រទះឃើញមនុស្សប្រុសម្នាក់ គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ផ្លូវលំទៅខាងត្បូងដួលសន្លប់ ហើយមានមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះប្រាប់ខ្លួនថា៖ ជនរងគ្រោះរូបនេះជិះម៉ូតូស្របគ្នាជា មួយគាត់មកពីទិសខាង លិចដោយជិះជែងគាត់ផុតប្រហែល១០០ម៉ែត្រក៏ស្រាប់តែរេចង្កូតធ្លាក់ផ្លូវលំតែម្តង គ្មានអ្នកណាធ្វើអីទេ ហើយក៏នាំគ្នាលើកជនរងគ្រោះទៅដាក់ក្រោមម្លប់ដើមឈើ លុះម៉ោងប្រហែលជិត១៥:០០នាទី ទើបឃើញឡានពេទ្យទៅយកជនរងគ្រោះ ។
សមត្ថកិច្ចបានការសន្និដ្ឋាន ឆ្លងការស៊ើបអង្កេតស្រាវជ្រាវជំវិញទីកន្លែងកើតហេតុ និងប្រភពព័ត៌មានសាក្សីឃើញថា: ជនរងគ្រោះពិតជាគ្រោះថ្នាក់ដោយជិះម៉ូតូដួលខ្លួនឯងប្រាកដមែន ទើបក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី