ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស១៥នាក់ស្លាប់ និង៧នាក់រងរបួស ករណីបាញ់រះក្នុងក្លិបរាត្រី

ចែករំលែក៖

ពិតជាសាហាវយង់ឃ្នងណាស់ មិនដឹងថា មានគំនុំអ្វីនោះទេ បានជាក្រុមខ្មាន់កាំភ្លើងជិះរថយន្ត៣គ្រឿង វេលារំលងអធ្រាត្រ សម្រុកចូលបាញ់រះតែម្តងនៅក្នុងក្លិបរាត្រីមួយកន្លង នៅមិចស៊ីកូ បណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច១៥នាក់ និង៧នាក់ផ្សេងទៀតរងរបួស ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងទៀបភ្លឺថ្ងៃសៅរ៍ ទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិត នៅក្លិបរាត្រី La Playa Men Club ទីក្រុង Salamanca រដ្ឋ Guanato ប្រទេសមិចស៊ីកូ ។

ករណីហិង្សាមួយនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់នោះឡើយ ។ ប្រភពពីប៉ូលិសបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្ត៣គ្រឿង ចូលទៅកាន់ក្លិបរាត្រី រួចបាញ់រះតែម្តង ស្លាប់មនុស្ស១៣នាក់នៅកន្លែងកើតហេតុ និង២នាក់ផ្សេងទៀតស្លាប់នៅមន្ទីរពេទ្យ ខណៈដែល៧នាក់ទៀតរងរបួស ។

ជាទីកន្លែងសម្បូរដោយធនធានប្រេង និងមានការលួចបង្ហូរប្រេងពីទីតាំងខួងប្រេង Salamanca នោះ, សប្តាហ៍កន្លងនេះ ប្រធានាធិបតី Andres Manuel Lopez Obrador បានប្រតិបត្តិការទ្រង់ទ្រាយធំចាប់ខ្លួនមេបងធំម្នាក់ឈ្មោះ Jose Antonia Yepez ឬដែលស្គាល់ថា El Marro នោះ ។

នៅពេលនេះ ប៉ូលិសបាននិងកំពុងស៊ើបអង្កេតពាក់ព័ន្ធករណីបាញ់រះនៅក្នុងក្លិបរាត្រីខាងលើ ៕


ចែករំលែក៖