ព័ត៌មានទាន់ហេតុការណ៍៖

តារាចម្រៀងថោន និរត្តន៍ ចោលសិល្បៈរៀបការប្តីនៅអូស្ត្រាលី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោនកញ្ញា ប៊ូ ស្រីរ័ត្ន ហៅនិរត្តន៍ បានសម្រេចចិត្តចូលរោងការ ជាមួយកំលោះសង្ហារ អាណិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលីហើយ កាលពីចុងសប្តាហ៍មុននេះ ។

ការរៀបការនេះ ក្រោយពីនាងចេញទៅប្រទេស អូស្ត្រាលីតាមការធានាពីក្រុម គ្រួសារស្វាមី និងសម្រេចចិត្តចោលការងារ សិល្បៈទាំងស្រុងទៅហើយ ។

ម្ចាស់បទ សង្សារអ្នកមាន បានចូលរោងការជាមួយ លោក Ou Joey ដែលជាអាណិកជនខ្មែរ អូស្រ្តាលីកាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ បន្ទាប់ពីនាងបានចេញទៅរស់នៅទីនោះអស់រយៈពេល៧ខែមក ហើយតាមការធានារបស់ស្វាមី ។

តារារូបនេះ បានភ្ជាប់ពាក្យតាមទំនៀមទម្លាប់ខ្មែរកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ហើយមង្គលការនាងក៏មានការស្លៀកពាក់ និងរៀបចំតាមទំនៀម ទម្លាប់ខ្មែរផងដែរ ។

នាងបានសម្រេចចិត្តចាកចេញពីសិល្បៈ ក្រោយពីប្រឡូកក្នុងអាជីព ចម្រៀងក្នុងផលិតកម្មថោនអស់ រយៈពេលជាង៤ឆ្នាំ ។ មុនពេលចាកចេញតារាចម្រៀង រូបនេះទទួលបានការគាំទ្រច្រើន ពីទស្សនិកជនពិសេសក្រុមយុវវ័យតាមរយៈបទចម្រៀងមួយចំនួន ដូចជាបទ ប្តីទៅកូរ៉េ ​ បទ សង្សារអ្នកមាន និងបទ វ៉ល់ៗ ជាដើម ។

ទោះជាយ៉ាងណាបទចម្រៀង ដែលនៅសេសរសល់របស់នាង ត្រូវបានផលិតកម្មថោន បានបញ្ចេញកាលពីថ្មីៗនេះដែរ ។ មានតែសាច់ញាតិខ្លះៗរបស់នាងប៉ុណ្ណោះដែលបានចូលរួមមង្គល ការខាងលើ គឺគ្មានវត្តមានសិល្បកររួម អាជីពណាម្នាក់ចូលរួមនោះដែ រ។ ទោះជាយ៉ាងណា នាងទទួលបានសារជូនពរ ជាច្រើនពីអ្នករួមអាជីព និងអ្នកគាំទ្រ ។

គួរបញ្ជាក់ដែរថា តារាចម្រៀង កញ្ញា និរត្តន៍ ម្ចាស់ ជ័យលាភី ក្នុងកម្មវិធី «សំនៀងអាថ៌កំបាំង» របស់វិទ្យុថោន កាលពីអំឡុងឆ្នាំ២០១៥ ដោយផ្តើមច្រៀងដំបូងចាប់ដៃគូជាមួយតារាចម្រៀង ករុណា ពេជ្រ ។

អតីតារាចម្រៀងដែលធ្លាប់ធ្វើការជាកម្មការិនី និងជាអ្នកលក់សាំងរូបនេះ បានវិវត្តន៍ខ្លួនជាមួយនឹងឱកាស និងស្នាដៃបទចម្រៀងជាច្រើនដែលផលិតកម្មថោនបានផ្តល់ឲ្យ រហូតនាងមានឱកាសជួបស្វាមីជាអាណិកជនស្រស់សង្ហារមកពីប្រទេសអូស្ត្រាលីនោះ ៕ វឌ្ឍនា


ចែករំលែក៖