ទីផ្សារមូលបត្រ (ភាគហ៊ុន) របស់ក្រុមហ៊ុនផលិតយន្តហោះ ប៊ូអ៊ិន បានធ្លាក់ចុះដល់ទៅ ជាង ៥ភាគរយ គឺជាការធ្លាក់ចុះច្រើនបំផុតមិនធ្លាប់មាន ក្រោយមួយថ្ងៃ នៃការធ្លាក់យន្តហោះ Boeing 737 MAX 8 របស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ។
គ្រោះថ្នាក់ខាងលើ គឺជាលើកទីពីរហើយ សម្រាប់យន្តហោះ ផលិតដោយក្រុមហ៊ុនប៊ូអ៊ិន ប្រភេទ Boeing 737 MAX 8 ក្នុងរយៈពេល ៥ខែកន្លងមក ដោយគ្រោះថ្នាក់មិនទាន់ដឹងពីមូលហេតុច្បាស់នោះឡើយ។
គ្រោះថ្នាក់ខាងលើធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនជុំវិញពិភពលោក ដែលមានយន្តហោះ ប្រភេទ Boeing 737 MAX 8 បានផ្អាកការហោះហើរទាំងស្រុង ដើម្បីរង់ចាំលទ្ធផលថា តើយន្តហោះ Ethiopia ជួបគ្រោះថ្នាក់ដោយសារតែមូលហេតុអ្វី ។ ចំណុចទាំងនោះហើយធ្វើឲ្យទីផ្សារមូលបត្ររបស់ក្រុមហ៊ុនBoeing ធ្លាក់ចុះខ្លាំងបំផុត ។
ពាក់ព័ន្ធនឹងគ្រោះថ្នាក់យន្តហោះខាងលើ ក្រុមហ៊ុនអាកាសចរណ៍ Ethiopia បានប្រកាសថា បានរកឃើញប្រអប់ខ្មៅទំាងពីររបស់យន្តហោះ Boeing 737 ដែលជួបគ្រោះថ្នាក់សម្លាប់មនុស្ស១៥៧នាក់ ។
ជើងហោះហើរ៣០២របស់ក្រុមហ៊ុនអាកាសចរណ៍ខាងលើ បានជួបគ្រោះថ្នាក់ក្រោយហោះហើរបានប្រមាណ៦នាទីប៉ុណ្ណោះ ។ ក្រោយសោកនាដកម្មខាងលើ ក្រុមហ៊ុនអាកាសចរណ៍ Ethiopia បានប្រកាសថា ផ្អាកការហោះហើរ នៅប្រភេទយន្តហោះ Boeing 737 MAX 8 ទាំងអស់ខ្លាចមានហេតុការណ៍អាក្រក់កើតឡើងជាបន្ត។
យន្តហោះដែលជួបគ្រោះថ្នាក់ ជាយន្តហោះថ្មី ទើបតែប្រើប្រាស់ មិនយូរប៉ុន្មានឡើយ ។ កាលពី៥ខែមុនយន្តហោះប្រភេទ Boeing 737 MAX 8 របស់ក្រុមហ៊ុន Lion Air របស់ឥណ្ឌូនេស៊ី ក៏បានជួបគ្រោះថ្នាក់សម្លាប់មនុស្ស ១៨៩នាក់ ។ ក្រោយគ្រោះថ្នាក់ផ្ទួនៗគ្នានៅប្រភេទយន្តហោះ នេះ ប្រទេសជាច្រើនបានសម្រេច ផ្អាកការហោះហើរ ដើម្បីសុវត្ថភាពពលរដ្ឋរបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ចិន បានសម្រេចផ្អាក រាល់ការហោះហើរ នៃយន្តហោះ Boeing 737 MAX 8 ។
នៅពេលនេះក្រុមអ្នកជំនាញកំពុងតែរង់ចាំ ទិន្នន័យ ហោះហើរនៅក្នុងប្រអប់ខ្មៅ ទើបដឹកច្បាស់ថាយន្តហោះខាងលើជួបគ្រោះថ្នាក់ដោយសារតែមូលហេតុអ្វី ៕