ខេត្តសៀមរាប៖ ថ្មីចែស! លោក Jack Ma ដែលជាអគ្គនាយកក្រុមហ៊ុន Alibaba ជាមហាសេដ្ឋីចិន ដែលមានឈ្មោះបោះសំលេងល្បីល្បាញក្នុងវិស័យធុរៈកិច្ចទូទាំងពិភពលោក បានមកទស្សនកិច្ចជាលើកដំបូង និងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីព្រលានយន្តហោះខេត្តសៀមរាប បានឲ្យដឹងថា លោក Jack Ma ដែលជាអគ្គនាយកក្រុមហ៊ុន Alibaba បានមកដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបនាវេលាម៉ោងប្រហែល ៧និង៣០នាទីយប់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្នុងគោលបំណងមកទស្សនកិច្ចនៅខេត្តសៀមរាប និងស្វែងរកឱកាសវិនិយោគនៅកម្ពុជាផងដែរ ។
ប្រភពដដែលបានឲ្យដឹងថា លោកនឹងធ្វើដំណើរកម្សាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងចូលកម្សាន្តនៅរមណីយដ្ឋានភូមិជ្រៃនាក្រុងប៉ោយប៉ែតផងដែរ ។ ប៉ុន្តែនៅមិនទាន់ដឹងដំណើរទស្សនកិច្ចនេះមានរយៈពេលប៉ុន្មានថ្ងៃ និងគ្រោងជួបមន្រ្តីណានៅឡើយទេ ។
គួរជម្រាបថា ចិនជាប្រទេសវិនិយោគធំជាងគេបំផុតនៅកម្ពុជា ដែលគិតពីដើមទសវត្សរ៍ទី៩០ ដល់ឆ្នាំ២០១៨នេះ ទំហំវិនិយោគរបស់ចិនមានទឹកប្រាក់ជាង១៧ពាន់លានដុល្លារអាមេរិក ក្នុងនោះអ្នកវិនិយោគចិនវិនិយោគលើវិស័យមួយចំនួន រួមមាន សំណង់ វាយនភ័ណ្ឌ និងថាមពលអគ្គិសនី និងប៉ុន្មានឆ្នាំចុងក្រោយនេះចិនវិនិយោគលើវិស័យសំណង់ និងអចលវត្ថុកម្ពុជាឈានមុខគេនាពេលបច្ចុប្បន្ននេះ ៕ ប៊ុនរិទ្ធី