ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំងដេប៉ូលក់ឈើនៅច្រាំងបាក់ កំពុងធ្វើឲ្យអ្នកដំណើររិះគន់អាជ្ញាធរខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ ផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពាន់ព្រះមុនីវង្ស ទៅដល់តំបន់ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានក្លាយទៅជាតំបន់ប្រកបអាជីវកម្មគ្រប់ប្រភេទ ហើយក៏ជាតំបន់ស្មុគស្មាញ់សម្រាប់អាជ្ញាធរខណ្ឌច្បារអំពៅផងដែរ មួយថ្ងៃៗ ទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដោយសារទីតាំងប្រកបអាជីវកម្មទាំងអស់ រំលោភយកចិញ្ចើមផ្លូវសាធារណៈ ចតម៉ូតូ ចតរថយន្ត តូច ធំ រំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសទីតាំងដេប៉ូលក់ឈើតែម្តង ។

ដូចឃើញ ក្នុងរូបភាពនេះស្ថានភាពកំណាត់ផ្លូវលេខ៣៦៩ ទៅដល់ច្រាំងបាក់ បាត់បង់សណ្តាប់ធ្នាប់ទាំងស្រុង ។ ទង្វើបែបនេះ កើតមានជារៀងរាល់ថ្ងៃ ផ្តើមចេញម្ចាស់ទីតាំងដែលប្រកបរបរកស៊ីនៅតាមបណ្តោយផ្លូវលេខ៣៦៩ យកចិញ្ចើមផ្លូវធ្វើអាជីវកម្ម ជាពិសេសទីតាំងដេប៉ូលក់ឈើជាច្រើនកន្លែងឈប់ចតរថយន្តតូចធំតាមអំពើចិត្តទាំងយប់ទាំងថ្ងៃ មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌច្បារអំពៅឡើយ ។ ពេលយប់រថយន្តដឹកឈើ រថយន្តដឹកបន្លែ រថយន្តខ្ទឹម ប្រភេទយីឌុចភ្លៅ៤ ភ្លៅ៥ ឈប់ចតទម្លាក់ឈើចូលដេប៉ូ ទម្លាក់ទំនិញចូលឃ្លាំង នៅលើផ្លូវបេតុង ដោយមិនខ្វល់ពីការរំខានដល់អ្នកដំណើរឆ្លងកាត់ផ្លូវលេខ៣៦៩ឡើយ ។ សូម្បីតែពេលថ្ងៃ មានចរាចរមមាញញឹក ក៏ម្ចាស់ដេប៉ូលក់ឈើឲ្យរថយន្តឈប់ចតទន្ទឹមគ្នា ដើម្បីលើកដាក់ឈើចូលដេប៉ូ និងចូលរថយន្តដែរ មិនគិតពីផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ ។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខណ្ឌ ច្បារអំពៅបានចុះណែនាំ និងកំណត់ព្រំឲ្យម្ចាស់ទីតាំងដែលកំពុងរកស៊ីធ្វើអាជីវកម្មទៅតាមគោលការណ៍ណែនាំ តែ ការណែនាំនោះ បានតែមួយរយៈពេលខ្លីប៉ុណ្ណោះ ចំណែកអ្នកដែលទទួលរងនូវការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋគឺអាជ្ញាធរខណ្ឌច្បារអំពៅ ដែលគ្មានលទ្ធភាពរំដោះយកផ្លូវសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ ៕ សណ្តោស


ចែករំលែក៖