ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ និងរបួស៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅកំណាត់ផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកបើកបររថយន្ត អអិច៣០០ នឹងអ្នកជិះម៉ូតូ នៅគ្រា ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួស និងស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង១០និង៤៥នាទី ព្រឹកថ្ងៃអង្អារ ៧កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២០៦.២០៧ ស្ថិតក្នុងភូមិព្រៃផ្ដៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ១គ្រឿងម៉ាក ឡិចសុីស អអិច៣០០ ពណ៌ស្កពាក់ស្លាកលេខ ភ្នំពេញ 2Z 4810 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានជ្រុលបុកអ្នកជិះម៉ូតូពេញទំហឹង នៅគ្រាដែលកំពុងចរាចរណ៍ច្រាស់ទិសគ្នា បណ្ដាលឲ្យធ្លាក់ពីលើទ្រូងផ្លូវស្លាប់ និងរបួសយ៉ាងរន្ធត់ ។

ប្រភពព័ត៌មានខាងលើបន្តថា ភាគីអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V 3210 (ស្លាប់) រកអត្តញ្ញាណពុំទាន់ស្គាល់នៅឡើយនោះទេ ចំណែកភាគីខាងរថយន្តគេចខ្លួន ក្នុងនោះមានមនុស្សចំនួន ២នាក់ ទី១ ឈ្មោះ លឹម ភក្ដី ភេទប្រុស អាយុ ៣៨ឆ្នាំ និងទី២ ឈ្មោះ ជុំ អាង ភេទប្រុស អាយុ ៥៩ឆ្នាំ បានរងរបួសធ្ងន់បញ្ជូនទៅទៅសង្រ្គោះ ។

ប្រភពដដែលបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មន្ត្រីជំនាញផ្នែកសណ្ដាប់ធ្នាប់កំពុងមមាញឹកក្នុងការស្រាវជ្រាវ ចំណែកវត្ថុតាងបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំវាស់វែង និងដោះស្រាយគ្នាជាក្រោយ ៕ ប៉ឹម ពិន


ចែករំលែក៖