ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហាន! ភ្លើងប្រច័ណ្ឌធំប៉ុនមហាមេឃ កាប់លុះក្ស័យ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់៖ បុរសម្នាក់ បានរងនូវផ្លែកាំបិតផ្គាក់ចំនួន៣កន្លែង ដោយសារកណ្ដាប់ដៃភាគីជនសង្ស័យ ដៃដល់ បណ្ដាលឲ្យស្លាប់​ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ដែលករណីនេះ អាចបណ្ដាលមកពីភ្លើងប្រច័ណ្ឌប្រពន្ធ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០ និង៤៩នាទីយប់ ថ្ងៃច័ន្ទ ៦កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័កិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅម្ដុំវាលស្បូវ (ផ្ទះជនសង្ស័យដៃដល់) ស្ថិតក្នុង​ភូមិប្រម៉ោយ ឃុំ​ប្រ​ម៉ោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង បានឲ្យដឹងថា ជនរងគ្រោះ (ស្លាប់) ឈ្មោះ ចាន់ ពិនិត្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅភូមិ ឃុំកើតហេតុ បានរងរបួសត្រង់កចំនួន ៣កន្លែង (ស្លាប់) ភ្លាមៗ ចំណែកជនសង្ស័យ​ដៃដល់ជាម្ចាស់ផ្ទះឈ្មោះ អឹុម វុទ្ធី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនម្នាក់ ក្នុងបន្ទុកគ្រួសារ មាន​ទីលំនៅភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុ ។

លោកអធិការនគរបាលបន្តថា ជនរងគ្រោះ និងជនសង្ស័យរាប់អានគ្នា ហើយមុនកើតហេតុជនរងគ្រោះ និងបងថ្លៃម្នាក់ទៀត បានទិញស្រាបៀរមកផឹកសុីជុំគ្នានៅលើផ្ទះ កើតហេតុ រហូតស្រវឹងរៀងៗខ្លួន ក៏ដេកទាំងអស់គ្នានៅលើផ្ទះ លុះនៅម៉ោងខាងលើ ជនសង្ស័យបានហៅប្រពន្ធចុះមកក្រោមជូន ទៅបត់ជើង ដោយដៃកាន់កាំបិត ប្រពន្ធមានការសង្ស័យ ក៏សួរបងឯង គ្រាន់តែទៅបត់ជើង ចាំកាន់កាំបិតធ្វើអ្វី ទាស់សម្ដីគ្នាចុះឡើងៗ ធ្វើឲ្យជនរងគ្រោះភ្ញាក់ពីដំណេកសួរបណ្ដើរចុះពីលើផ្ទះបណ្ដើរ ប៉ុន្តែជនដៃដល់តបវិញថា ឯងកុំចេះរឿងប្តីប្រពន្ធអញ ខណៈនោះ ក៏មិនបង្អង់ដៃដែរ កាប់យក៍ៗតែម្ដង រួចរត់គេចបាត់ ។

លោកបន្តទៀតថា តាមការពិនិត្យ និងស្រាវជ្រាវ ដើម្បីស្រង់យកម្លើយ អាចសន្និដ្ឋានបានថា ជនសង្ស័យដៃដល់ប៉ុនប៉ងលើប្រពន្ធជាមុន ព្រោះតែភ្លើងប្រច័ណ្ឌប្រពន្ធ និងជនរងគ្រោះ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធកំពុងមមាញឹកក្នុងស្វែងរកជនបង្ក ៕ ប៉ឹម ពិន


ចែករំលែក៖