ព័ត៌មានទាន់ហេតុការណ៍៖

កាមរីហាយប្រ៊ិត បើកបញ្ច្រាសផ្លូវ បុកប៉ះ និងកៀរគូទម៉ូតូកង់បី រងការខូចខាតសង 40$ បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់សោភាម្នាក់ បើករថយន្តមួយគ្រឿងឆ្លងស្គូបអាងទឹកបញ្ច្រាសទិសដៅ បំរុងបត់ចូលស្ថានីយប្រេងឥន្ធៈតេលាមិនបានប្រយ័ត្ន ក៏ជ្រុលបើកទៅកៀរ និងប៉ះចំគូទក្រោយម៉ូតូកង់បី រួចឈ្លោះប្រកែកគ្នាជាងកន្លះម៉ោង ទើបព្រមសង40$បញ្ចប់រឿង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ២១៧ កែងផ្លូវព្រះសីហនុ នៅចំណុចស្គូបអាងទឹក ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បី ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2V-7998 បើកបរតាមបណ្តោយផ្លូវ២១៧ក្នុងទិសដៅពីកើតទៅលិចបើកមកដល់ចំណុចកើតហេតុខាងលើនេះម៉ូតូកង់បីកំពុងឈប់ស្គូប ប៉ុន្តែស្រាប់តែមានស្ត្រីម្នាក់រូបស្រស់សោភាបើករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ពាក់មិនមានស្លាកលេខ បើកបរតាមផ្លូវព្រះសីហនុក្នុងទិសដៅពីត្បូងទៅជើងក្នុងគោលបំណងចូលទៅចាក់សាំង ប៉ុន្តែគាត់ជិះបញ្ច្រាសទិសដៅរួចក៏ជ្រុលទៅកៀរ និងប៉ះចំគូទខាងក្រោយម៉ូតូកង់បីបណ្តាលឲ្យវៀចគូទ ក្រោយហើយចំណែកឯខាងរថយន្តខូចខាតឆ្កូតថ្នាំតិចតួចផ្នែកខាងស្តាំភ្លាមៗ នោះខាងម្ចាស់រថយន្តគាត់ខឹងថាម្ចាស់ម៉ូតូកង់បីថា ឲ្យគាត់ក៏ឈ្លោះប្រកែកគ្នាជាមួយម្ចាស់ម៉ូតូកង់បីវិញ បង្កឲ្យផ្អើលទៅដល់សមត្ថកិច្ចចុះមកដោះស្រាយនៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុភាគីខាងម៉ូតូកង់បីគាត់មិនចង់ឲ្យមានរឿងរាវច្រើន ក៏ទាមទារសំណងចំនួន50$ ប៉ុន្តែខាងម្ចាស់រថយន្តគាត់ព្រមឲ្យ40$ហើយខាងរងគ្រោះក៏ព្រមយកដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ ធឿនព្រែកជ័យ


ចែករំលែក៖