ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ាស៊ីនបូមទឹកគេបាន៤ថ្ងៃ ត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់ធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹកគេក្នុងចំការជី លុះ៤ថ្ងៃក្រោយត្រូវនគរបាលចាប់ខ្លួន ។ ករណីលួចខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ស្រ៊ុន សុខហេង ហៅអាក្មេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។ ចំណែកជនរងគ្រោះឈ្មោះ ធិន វ៉ាន់ធួន ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ។ ដោយឡែកវត្ថុតាងដកហូតបានម៉ាសុីនបូមទឹកចំនួន០១គ្រឿង (ប្រើប្រេងម៉ាស៊ុត) ។

ប្រភពដដែលបន្តថា កន្លងមក ជនរងគ្រោះបានយកម៉ាស៊ីនបូមទឹករបស់ខ្លួនមកទុកនៅដីចំការដើម្បីស្រោចជី លុះមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៩យប់ ជនរងគ្រោះបានទៅមើលដំណាំជីរបស់ខ្លួន ហើយបានដើរទៅមើលម៉ាស៊ីនស្រាប់តែមិនឃើញ ហើយគិតថាមានចោរលួច ភ្លាមនោះ ក៏ទៅដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូដើម្បីស្វែងរកជនសង្ស័យចាត់ការតាមច្បាប់ ។

ក្រោយនគរបាលប៉ុស្តិ៍រដ្ឋបាលសិត្បូទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច ភ្លាមនោះក៏ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះស្រ៊ុន សុខហេង ហៅអាក្មេង បានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចម៉ាសុីនបូមទឹករបស់ជនរងគ្រោះប្រាកដមែន បន្ទសប់ពីលួចបាន ខ្លួនបានយកម៉ាស៊ីននោះទៅទុកផ្ទះឈ្មោះ សាំង វ៉ាន់នី ៕ ស្អាងជ័យ


ចែករំលែក៖