ខេត្តស្វាយរៀង៖ ក្រុមចល័តការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានឃាត់រថយន្តកូរ៉េមួយគ្រឿងមានជ្រូក១៨ក្បាល ដឹកឆ្លងពីប្រទេសវៀតណាមមក ទឹកដីកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែន ខ្សែដែក ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង គោលដៅចូលទៅទឹកដីខេត្ត ព្រៃវែងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ។
បើតាមអ្នកបើករថយន្តដឹកជ្រូក ដែលត្រូវសមត្ថកិច្ចជំនាញឃាត់បាននោះបានប្រាប់ឲ្យដឹងថា គាត់មិនមែនជាម្ចាស់ជ្រូកទេគ្រាន់តែរកស៊ីដឹកជ្រូកឲ្យគេប៉ុណ្ណោះដោយក្នុងមួយក្បាលឈ្នួលដឹក៣ម៉ឺនរៀល ហើយម្ចាស់នៅស្រុកមេសាង ខេត្តព្រៃវែងដែលមានឈ្មោះ រ៉ា និង ឈ្មោះ សៅ គេឲ្យដឹកទៅមេសាង ។
លោកបានបន្តទៀតថា មានរថយន្តជាច្រើនគ្រឿងក្នុង មួយថ្ងៃៗចូលដឹកជ្រូករស់តាម ច្រកទ្វារតំបន់ព្រំដែនខ្សែដែកនេះ ដោយបង់លុយឲ្យខាងនគរបាលឈរជើងច្រកទ្វារតំបន់ព្រំដែន ខ្សែដែកនេះ ក្នុងមួយរថយន្ត៣ម៉ឺនរៀល និងទាហាន២ម៉ឺនរៀល ក្រៅពីនេះគ្មានបង់ទៀតទេ ។
បើតាមលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងបានឲ្យអ្នកសារព័ត៍មានដឹងថាសមត្ថកិច្ចជំនាញរបស់លោកបានធ្វើការឃាត់រថយន្តដឹកសត្វជ្រូករស់ចំនួន១៨ក្បាលយកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តស្វាយរៀងដើម្បីអនុវត្តបច្ចេកទេស បូមឈាមជ្រូកទាំងអស់នោះ យកទៅពិសោធន៍នៅរាជធានីភ្នំពេញ ។
លោកប្រធានមន្ទីរបានបន្ត ទៀតថា បើបូមឈាមសត្វជ្រូកទាំងនោះ យកទៅពិសោធន៍ហើយរកឃើញថាមានជំងឺនោះ ត្រូវតែកម្ទេចចោលតែម្តង តែបើគ្មានជំងឺគឺផាកពិន័យ តាមផ្លូវច្បាប់ ។
លោក ថាច់ រតនា បានបញ្ជាក់ទៀតថា បើតាមគោលការណ៍របស់ក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ គឺបិទទាំងស្រុងមិនអនុញ្ញាត ឲ្យនាំសត្វជ្រូកចូលមកប្រទេសកម្ពុជាទៀតទេ ដោយសារប្រទេសវៀតណាម កំពុងតែផ្ទុះជំងឺដ៏កាចសាហាវ នៅលើសត្វជ្រូក និងអាចឆ្លងមកមនុស្ស ។
ពាក់ព័ន្ធករណីខាងលើនេះ កាសែតនគរវត្តមិនអានសុំការបំភ្លឺពីលោកមេប៉ុស្តិ៍ប្រចាំច្រកទ្វារតំបន់ព្រំដែនខ្សែដែកបានទេ ៕ យឹម សុថាន