ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ មេល្បែងស៊ីសងក្នុងស្រុកអង្គរបុរី ខេត្តតាកែវ មានខ្នងបង្អែករឹងមាំទើបសមត្ថកិច្ចមិនហ៊ានបង្ក្រាប

ចែករំលែក៖

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់ដ៏ធំមួយបង្កប់ដោយល្បែងអាប៉ោងនិងបៀទ្រង់ទ្រាយធំកំពុងដំណើរការយ៉ាងរលូន។ ប្រជាពលរដ្ឋបានកត់សម្គាល់ថា លោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ក៏ដូចជាអភិបាលស្រុកអង្គរបុរី មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ។ ទន្ទឹមនឹងនេះអ្នកបើកល្បែងស៊ីសងក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី បានប្រាប់អតិថិជនរបស់ខ្លួនយ៉ាងច្បាស់ៗថា ការបើកសង្វៀនបញ្ជល់មាន់នេះបានរត់ការរហូតដល់ស្នងការនគរបាលខេត្តតាកែវ រួចហើយទើបអាចប្រព្រឹត្តទៅដោយរលូន។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី បានឲ្យដឹងថា បច្ចុប្បន្នសង្វៀនបញ្ជល់មាន់ដ៏ធំនោះកំពុងមានអតិថិជនចូលរួមលេងកាន់តែច្រើនឡើងៗ ព្រោះដឹងថាម្ចាស់សង្វៀនបញ្ជល់មាន់នេះមានខ្នងបង្អែករឹងមាំ ហើយមិនបារម្ភពីរឿងសមត្ថកិច្ចបង្ក្រាប។ ក្នុងនោះអតិថិជនប្រចាំសង្វៀនបញ្ជល់មាន់ក្នុងភូមិអង្គរបុរី ឃុំអង្គរបុរី បានជឿជាក់ទៅលើម្ចាស់វង់ល្បែងដែលអួតអាងថា គេចំណាយរាប់ម៉ឺនដុល្លារក្នុងមួយខែៗចាប់ពីសមត្ថកិច្ច នគរបាលថ្នាក់ស្រុក រហូតដល់ស្នងការនគរបាលខេត្តតាកែវ។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រហែលអ្វីៗជាការពិតដូចសំដីអួតអាងរបស់ម្ចាស់សង្វៀនបញ្ជល់មាន់និងល្បែងបៀអាប៉ោងទើបលោកឧត្តមសេនីយ៍ត្រី សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ សម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ទន្ទឹមនឹងនេះលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី ធ្វើអ្វីៗតាមអំពើចិត្ត។

ដោយសារមានសេចក្ដីព្រួយបារម្ភពីបទល្មើសផ្សេងៗ ជាពិសេសអំពើចោរកម្មកើតឡើងយ៉ាងរាលដាលទើបប្រជាពលរដ្ឋក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងស្រុកអង្គរបុរី ប្រកបដោយប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច។ ប្រជាពលរដ្ឋបានរិះគន់ថាលោក ភី ឆុន អធិការនគរបាលស្រុកអង្គរបុរី និងលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងរាលដាលនោះទេ ៕


ចែករំលែក៖