ខេត្តកណ្តាល៖ បន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុកកៀនស្វាយបានចេញសេចក្តីជូនដំណឹង និងប្រើប្រាសឧឃោសនស័ព្ទផ្សព្វផ្សាយឲ្យអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិលេខ១ តំបន់ផ្សារគគីរ បញ្ឈប់ការដាក់តាំងលក់ទំនិញសព្វសារពើ នៅលើចិញ្ចើមផ្លូវជាតិរួចមក មួយរយៈកន្លងទៅនេះ អាជ្ញាធរស្រុកពិនិត្យឃើញថា មានអាជីវករមួយចំនួនអនុវត្តតាមការណែនាំ និងមួយចំនួនទៀតនៅតែរំលោភបំពានយកចិញ្ចើមផ្លូវជាតិដាក់តាំងលក់ទំនិញធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។
ផ្តើមចេញពីការបំពានលើសេចក្តីជូនដំណឹង នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកស្រុកកៀនស្វាយដឹកនាំដោយលោកពៅ គឹមលី អភិបាលរងស្រុកបានចាត់វិធានការរដ្ឋបាលដោយកំណត់ទីតាំង និងបាញ់គំនូសឲ្យលក់ដូររួមទាំងប្រើប្រាស់រថយន្តបាញ់ទឹកសម្អាតផ្លូវជាតិផងដែរ ។ យុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ជាថ្មីនេះបានធ្វើឲ្យអាជីវករដែលយកចិញ្ចើមផ្លូវដាក់ទំនិញលក់មានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ប្រើពាក្យសម្តីមិនសមរម្យដាក់មកលើគណៈបញ្ជាការឯកភាព ។ ទោះជាយ៉ាងណាក៍ដោយ កម្លាំងចម្រុះនៅតែបន្តអនុវត្តវិធានការរដ្ឋបាលដដែល ដើម្បីជំរុញឲ្យអ្នករំលោភយកចិញ្ចើមផ្លូវទាំងអស់បញ្ឈប់ការលក់ដូរនៅលើផ្លូវជាតិតទៅទៀត ។
លោកពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយដែលដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បានឲ្យដឹងថា ដោយសារអ្នកលក់ដូរមួយចំនួនគាត់មិនព្រមចូលរួមអនុវត្តតាមគោលការណ៍ណែនាំ ទើបលោកអភិបាលស្រុកណែនាំឲ្យលោកដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផ្សាគគីរ ដោយមានការចូលរួមពីលោកប្រធានគណៈកម្មការផ្សារផងដែរ ។
កន្លងមកគណៈបញ្ជាការឯកភាពបានចេញសេចក្តីជូនដំណឹងយកទៅចែកជូនដល់អ្នកលក់ដូរលើចិញ្ចើមផ្លូវ និងបានធ្វើការប្រកាសក្តែងៗតាមឧឃោសនស័ព្ទដើម្បីឲ្យពួកគាត់បានជ្រាបច្បាស់ពីបញ្ហាសណ្តាបធ្នាប់សាធារណៈ មួយផ្នែកទៀតការពារជីវិតរបស់បងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវជាតិព្រោះប្រឈម និងហានិភ័យនៃគ្រោះថ្នាក់ចរាចរខ្លាំងណាស់ ។
ការចុះរៀបចំសណ្តាប់នៅតំបន់ទីប្រជុំជនផ្សាគគីរនេះ គណៈបញ្ជាការឯកភាពបានចុះរៀបចំ៤_៥ដងហើយ តែអ្នកចូលរួមអនុវត្តមានតិចតួចណាស់ ចំណែកអ្នកលក់ដូរខ្លះទៀតពេលកម្លាំងចម្រុះដកចេញស្រាប់តែយកទំនិញមកដាក់លក់លើផ្លូវជាតិលេខ១ ដដែល និយាយរួមដូច វែកចក ឥញ្ចឹង ។
លោកអភិបាលរងបានបន្តថា ផ្តើមចេញពីទង្វើររបស់អ្នកលក់ដូរដូចវែកចកនេះបានធ្វើឲ្យគណៈបញ្ជាការឯកភាពត្រូវតែចាត់វិធានការរដ្ឋបាលតឹងរឹងបញ្ឈប់ការលក់ដូរលើផ្លូវជាតិមុខផ្សារគគីរតទៅទៀត ។
ជាមួយគ្នានេះដែរក្នុងនាមរដ្ឋបាលស្រុកសូមបងប្អូនអ្នកលក់ដូរលើចិញ្ចើមផ្លូវទាំងអស់មេត្តាយោគយល់ និងសូមចូលរួមជាមួយអាជ្ញារដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត បញ្ហារៀបចំសណ្តាប់ធ្នាប់នេះអាជ្ញាធរមិនបន្ធូដៃរឡើយ៕ សណ្តោស