គេរាយការណ៍ថា លោកយី ថុល ប្រធានការិយាល័យគយ ច្រកទ្វារអន្តរជាតិព្រែកចាក ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត កំពុងជិះសេះលែងដៃ ដោយបើកឲ្យពួកឈ្មួញនាំទំនិញចូលគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗ ។ តាំងពីមកកាន់តំណែងជាមេគយនៅច្រកអន្តរជាតិព្រែកចាក លោក យី ថុល មិនដែលខ្វល់ជាមួយនឹងសមត្ថកិច្ចណានោះទេ គឺគិតតែប្រព្រឹត្តអំពើពុករលួយ ដោយមិនបានចែករំលែកឲ្យសមត្ថកិច្ចនៅទីនោះឡើយ ។ ការដែលលោកហ៊ានធ្វើយ៉ាងដូច្នេះ ដោយសារតែលោកមេគយខេត្តកំពត ជាអ្នកបើកដៃឲ្យនោះឯង ។
ប្រភពបានឲ្យដឹងថា លោកយី ថុល តាំងពីមកកាន់តំណែងជាប្រធានការិយាល័យគយនៅព្រែកចាក មិនអត់ឱនចំពោះប្រជាពលរដ្ឋដែលនាំទំនិញតិចតួចតាមច្រកនេះឡើយ ។ ប្រជាពលរដ្ឋនិយាយថា ការដឹកទំនិញតិចតួចដើម្បីបានកម្រៃដោះស្រាយជីវភាព គឺត្រូវលោក យី ថុល បង្គាប់ឲ្យមនុស្សរបស់ខ្លួនគាបយកលុយពីពួកគាត់គ្មានត្រាប្រណី ពោលគឺគាបយកលុយកាន់តែច្រើនឡើងៗ ។ ផ្ទុយទៅវិញ ពួកឈ្មួញដឹកទំនិញធំៗ គ្រាន់តែទូរស័ព្ទប្រាប់លោក យី ថុល គឺរួចជាស្រេចមិនបាច់មានការត្រួតពិនិត្យអ្វីឡើយ ។ លោក យី ថុល យកលុយគ្រប់ទំនិញ មិនថា ផ្លែឈើ ឬអាហារគ្រឿងសមុទ្រ ដូចជាមឹក ឬបង្គារ ដែលមានសារធាតុគីមីនោះឡើយ ។ ពោលគឺបើមិនសុំការអនុញ្ញាត ឬទូរស័ព្ទប្រាប់មុនទេ មុខជាត្រូវចាប់មិនខានឡើយ។
ប្រជាពលរដ្ឋនិយាយថា បើប្រៀបធៀបនឹងគយមុនៗ នៅព្រែកចាកនេះ លោកយី ថុល ប្រព្រឹត្តអំពើពុករលួយគាបសង្កត់យ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋអ្នកដឹកទំនិញចេញ ចូល រកស៊ីបន្តិចបន្តួចឆ្លងទៅប្រទេសវៀតណាម ឬត្រឡប់មកវិញ ។ ប្រភពបានបន្ថែមថា ទំនិញដែលឈ្មួញនាំចូលតាមច្រកទ្វារព្រែកចាក-តន់ហន់ និងច្រកសមុទ្របង់ពន្ធជូនរដ្ឋប្រមាណពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ពីព្រោះលោក ហេង សំបូរ មេគយខេត្តកំពត ក៏ដូចជាលោកយី ថុល មេគយព្រែកចាក និងមេគយច្រកដទៃទៀតក្នុងខេត្តកំពត ឃុបឃិតជាមួយឈ្មួញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ៕