ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវ៣នាក់ ជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវយ៉ាងសកម្ម ក្នុងខណ្ឌ៧ មករា និងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាបបានមុខសញ្ញាឆក់ចំនួន២ករណី ជាបន្ដបន្ទាប់និងដកហូតវត្ថុតាងមួយចំនួនផងដែរ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចភ្លើងស្តុបផ្សារដេប៉ូ ផ្លូវឧញ៉ាទេពផន ខណ្ឌទួលគោក ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ រួចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។

មន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ករណីទី១៖ បានកើតឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដោយជនសង្ស័យ២នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេច នៅចំណុចមុខគ្លីនិកវិបុលសុខ ផ្លូវលេខ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា ហើយរត់គេចខ្លួនបាត់ ។ និងករណីទី២៖ បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ត្រង់ចំណុចស្តុបផ្សារដេប៉ូ ផ្លូវឧញ៉ាទេពផន ខណ្ឌទួលគោក ។

មន្រ្តីដដែលបន្តថា បន្ទាប់ពីកម្លាំងជំនាញកំណត់មុខសញ្ញាទាំងនោះបានហើយ ក៏ស្រាវជ្រាវរហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក៏ប្រទះឃើញជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ភ្លាមនោះឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ឈ្មោះ ពេជ្រ វណ្ណេត អាយុ១៨ឆ្នាំ និងឈ្មោះ ភា វិសាល អាយុ១៧ឆ្នាំ ត្រង់ចំណុចភ្លើងស្តុបផ្សារដេប៉ូ ផ្លូវឧញ៉ាទេពផន ខណ្ឌទួលគោក ដោយដកហូតបាន ម៉ូតូមួយគ្រឿងហុងដាឌ្រីម ពណ៌ខ្មៅ ឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HJ-8258 ។ ចំណែកជនសង្ស័យឈ្មោះ សេង ធី បានបើកម៉ូតូរត់គេច ទើបកម្លាំងដេញតាមរហូតដល់ចំណុចបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ទើបឃាត់ខ្លួនបានយកមកសួរនាំតែម្តង ។

ក្រោយឃាត់ខ្លួនសាកសួរជនសង្ស័យឈ្មោះ សេង ធី បានសារភាពថា នៅថ្ងៃកើតហេតុខាងលើ ខ្លួនជាអ្នកបិទគូថដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិក ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1HK-7504 និងឈ្មោះ អាតឿ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HN-8873 ជាអ្នកធ្វើសកម្មភាព ឆក់កាបូបស្ពាយពីជនរងគ្រោះបានសម្រេច រួចជិះគេចដល់ផ្សារឃ្លាំងរំសេវ បានឆែកកាបូបឃើញមានលុយដុល្លារ៥០ដុល្លារ លុយខ្មែរ១០ម៉ឺនរៀល ទូរស័ព្ទ២គ្រឿង (លក់បាន៤០០ដុល្លារ) រួចចែកគ្នា២នាក់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ស រស្មី


ចែករំលែក៖