ខេត្តកំពង់ស្ពឺ៖ រថយន្តកាមរីបាឡែនមួយ គ្រឿងបានឆាបឆេះយ៉ាងសន្ធោ សន្ធៅ ខណៈកំពុងបើកបរសុខៗធ្វើឲ្យម្ចាស់ភ័យព្រលឹងចុងសក់តែហេតុ ការណ៍នេះ ត្រូវបានគ្រប់គ្រង បន្ទាប់ពីសមត្ថកិច្ចចេញ អន្តរាគមន៍បាញ់ទឹកពន្លត់ ។
ករណីឆាបឆេះរថយន្តនេះកើត ឡើងកាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០១៩ ។ រថយន្តដែលឆេះ ម៉ាក CAMRY បាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AN4127 បើកបរតាមបណ្តោយផ្លូវលេខ៤១ នៅចំណុច ភូមិចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ ។
ម្ចាស់ឡាន មានឈ្មោះ ហឿន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តខាងលើ បើកបរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ស្រាប់តែភ្លើងបានឆាបឆេះផ្នែកខាងមុខយ៉ាងសន្ធោសន្ធៅ ពេលនោះ ម្ចាស់រថយន្តបានចុះ ហើយស្រែកហៅឲ្យអ្នកដែលមានទីលំនៅក្បែរនោះជួយផ្តល់ដំណឹងដល់សមត្ថកិច្ច ។
ប្រភពបន្តថា បន្ទាប់ពីទទួលព័ត៌មានអំពីហេតុការណ៍នេះរួចមក សមត្ថកិចបានចេញរថយន្តទៅ ជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ។
ជាលទ្ធផលសមត្ថកិចបាន ប្រើប្រាស់ទឹកអស់ចំនួន១រថយន្ត ទើបភ្លើងបានរលត់អស់ជា ស្ថាពរ ក្នុងនោះផងដែរ សមត្ថកិច្ចបានការពារជុំវិញ ទីកន្លែងកើតហេតុបាន១០០% និងពុំមានគ្រោះថ្នាក់អាយុជីវិតមនុស្សទេ ។
បន្ទាប់ពីភ្លើងបានរលត់សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុបណ្តាលមកពី ឆ្លងចរន្តភ្លើង រថយន្ត ។
នៅព្រឹកថ្ងៃទី១៥ មីនា ២០១៩នេះដែរ ម្ចាស់បានហៅរថយន្តស្ទូចដឹកយកទៅចាត់ចែងតាមការគួរថា តើនឹងលក់ឬជួសជុលប្រើវិញ ៕ សេនាស័ក្តិ