ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់ បានលង់ទឹកស្រះស្លាប់ កាលពីវេលាម៉ោងប្រហែល៨និង១៥នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅភូមិតាចរ ឃំុទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។ សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ហ៊ីម កុសល ភេទប្រុស អាយុ៤ឆ្នាំ នៅភូមិកើតហេតុខាងលើ ។
តាមការបំភ្លឺពីឈ្មោះ ហ៊ាវ ហ៊ត ត្រូវជាម្តាយសព បានបញ្ជាក់ថា៖ នៅម៉ោង៨និង៣០នាទីព្រឹក ពេលគាត់នៅផ្ទះ ស្រាប់តែបាត់កូនប្រុសឈ្មោះហ៊ីម កុសល ភ្លាមនោះគាត់ និងបងប្អូនបានដើររកគ្រប់ទីកន្លែងក្នុងភូមិតែរកមិនឃើញ ដោយមានការសង្ស័យថា៖ លង់ទឹកស្រះក៏នាំគ្នាបង់សំណាញ់ និងមុជរកក្នុងស្រះក្រោយផ្ទះ ក៏ឃើញកូនគាត់ស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចជំនាញស្រុកបានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យហេតុ និងសាកសព ។
នៅជិតមាត់ស្រះមានដើមស្វាយចន្ទី និងមានគ្រាប់ស្វាយចន្ទីច្រកថង់ផ្លាស្ទិច ។
ការពិនិត្យសព ឃើញថា៖ សពមានហូរទឹកពណ៌ លឿងថ្លា ចេញតាមច្រមុះ និងមាត់ ពោះ ប៉ោងក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីទេ ទើបសន្និដ្ឋានថា សពកុមារាតូចពិតជាលង់ទឹកស្លាប់ពិតមែន ក្នុងនោះសមត្ថកិច្ចថា ប្រហែលជាក្មេងអាចឈោងបេះស្វាយចន្ទី ដែលទេរទៅលើស្រះ បណ្តាលឲ្យរអិលជើងធ្លាក់ចូលស្រះលង់ស្លាប់តែម្តង ៕ ប៊ុនរិទ្ធី