ស្ថានទូតបារាំងប្រចាំកម្ពុជា ប្រកាសព័ត៌មាន ៖ ការប្រារព្វកម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ ដើម្បីអបអរនិងពង្រឹងមិត្តភាពបារាំង-កម្ពុជា
ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩
សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា ស្ថានទូតបារាំងប្រចាំកម្ពុជា និងវិទ្យាស្ថានបារាំងនៅកម្ពុជានឹងរួមគ្នារៀបចំ«កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ»ពីថ្ងៃទី១៨ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ដើម្បីលើកតម្កើងវប្បធម៌បារាំងនិងកម្ពុជា ក៏ដូចជាពង្រឹងភាពជាដៃគូនិងការផ្លាស់ប្តូររវាងប្រទេសទាំងពីរតាមរយ:ការបង្ហាញជូនសាធារណជននូវព្រឹត្តិការណ៍ជាច្រើនពាក់ព័ន្ធវិស័យវប្បធម៌និងសេដ្ឋកិច្ច។ ក្នុងអំឡុងពេលពីរសប្តាហ៍ អ្នកចូលរួមទាំងអស់អាចធ្វើការស្វែងយល់ពីភាពច្នៃប្រឌិត ភាពរស់រវើក ជំនាញ និងទេពកោសល្យរបស់បារាំង។
កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញនឹងចាប់ផ្តើមជាមួយរាត្រីសមោសរមួយរៀបចំឡើងដោយគណៈកម្មាធិការ «Good France Cambodia» របស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា ដើម្បីប្រមូលថវិកាទៅជួយដល់ការបណ្តុះបណ្តាលយុវជនផ្នែកបដិសណ្ឋារកិច្ចនិងទេសចរណ៍។ ដោយសារសប្តាហ៍ទី១នៃកម្មវិធីនេះនឹងប្រព្រឹត្តទៅស្របគ្នាជាមួយទិវាហ្វ្រង់កូហ្វូនី កម្មវិធីប្លែកៗជាច្រើននឹងត្រូវរៀបចំដើម្បីលើកតម្លៃការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា ក្នុងនោះមានការបោះជំរុំតែងកំណាព្យនៅតាមស្ថាប័នដៃគូជាង១៥ (សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលាបារាំងដេកាត និងអង្គការក្រៅរដ្ឋាភិបាលនានាដូចជាអង្គការដើម្បីភាពញញឹមនៃកុមារ។ល។) និងការសរសេរតាមអានជាភាសាបារាំងដ៏ធំមួយនៅវិទ្យាស្ថានបារាំង។ ជាងនេះទៅទៀត មានការរៀបចំព្រិត្តិការណ៍រសជាតិបែបបារាំង «Goût de France» នៅតាមភោជនីយដ្ឋានបារាំងល្បីៗប្រមាណជា១០ និងការរាំកម្សាន្តបែបបារាំងមួយនៅវិទ្យាស្ថានបារាំង ។
សប្តាហ៍ទី២នឹងចាប់ផ្តើមដោយការបង្ហាញពីរបៀបចម្អិនម្ហូបបែបទំនើប នៅវិទ្យាស្ថានម្ហូបអាហារកម្ពុជា។ ក្រៅពីនេះនឹងមានកិច្ចពិភាក្សាមួយលើប្រធានបទនៃការអភិវឌ្ឍក្រុងប្រកបដោយចីរភាព ដើម្បីជាឱកាស សម្រាប់អ្នកជំនាញពិភាក្សាគ្នាអំពីនគរូបនីយកម្មនៅកម្ពុជា។ នៅវិទ្យាស្ថានបារាំង សាធារណជនអាចចូលរួមឆ្លើយសំណួរដើម្បីវាស់ស្ទង់ចំណេះដឹងភាសាបារាំងរបស់ខ្លួន ឬទស្សនាពិព័រណ៍ស្នាដៃរបស់សិល្បករ ឯម រៀម ដែលធ្លាប់ទទួលការបណ្តុះបណ្តាលនៅបារាំង និងទស្សនាភាពយន្តគំនូរជីវចលស្តីពីកម្ពុជា រឿង ហ៊្វូណន ផលិតដោយជនជាតិបារាំងកាត់ខ្មែរមួយរូប។
កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញនឹងបិទបញ្ចប់ដោយអ៊ូអរនៅថ្ងៃសៅរ៍ទី៣០ ខែមីនា តាមរយ:ការរៀបចំ«ផ្សារបារាំង»មួយនៅក្នុងបរិវេណស្ថានទូតបារាំងនៅភ្នំពេញ ដោយមានការដាក់តាំងបង្ហាញស្តង់ចំនួនជាង៥០។ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាច ស្ថានទូតនឹងបើកទ្វារទទួលសាធារណជន ដែលចង់ចូលរួមទស្សនាពិព័រណ៍ផលិតផល សាកល្បងម្ហូបអាហារបារាំង និងទទួលភាពរីករាយក្នុងកម្មវិធីកម្សាន្តជាច្រើន (ដូចជាសកម្មភាពកីឡា ការរៀនធ្វើម្ហូបជាមួយមេចុងភៅល្បីៗ ទស្សនីយភាពនៅតាមស្តង់ បទបង្ហាញតូចៗ និងកន្លែងលេងសម្រាប់កុមារ។ល។)។ ផ្សារបារាំងគឺជាឱកាសមួយសម្រាប់ស្វែងយល់អំពីវប្បធម៌និងផលិតផលបារាំង ក៏ដូចជាចំណេះធ្វើរបស់សហគ្រិនបារាំងនៅកម្ពុជា លាយផ្សំជាមួយចំណេះធ្វើនិងប្រពៃណីយ៍ខ្មែរ។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនានា សូមចូលទៅទំព័រហ្វេសប៊ុករបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា (facebook.com/ccifc) ស្ថានទូតបារាំងប្រចាំកម្ពុជា (facebook.com/france.cambodge) និងវិទ្យាស្ថានបារាំងនៅកម្ពុជា(facebook.com/institutfrancais.ducambodge)។
ទំនាក់ទំនង ៖
លោក ម៉ាកតាំង ប្រ៊ីសុង directeur@ccifcambodge.org
លោក ទឹង សុខលីម soklim.tung@diplomatie.gouv.fr (ឬ ០១២ ៦៦៦ ៣០២)
កម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩
១. រាត្រីសមោសរបើកសម្ពោធកម្មវិធី
– កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី១៨ ខែមីនា ពីម៉ោង១៨៖០០ដល់ម៉ោង២១៖០០
– តម្លៃសំបុត្រចូលរួម៖១០ដុល្លារ (សម្រាប់សមាជិក)/១៥ដុល្លារ (មិនមែនសមាជិក)
– ទីកន្លែង៖ សណ្ឋាគារឡឺរ៉ូយ៉ាល់
ក្នុងការឱកាសនៃការចាប់ផ្តើមកម្មវិធីបារាំងពីរសប្តាហ៍នៅភ្នំពេញ សមាជិកនៃគណៈកម្មាធិការ Good France Cambodia រៀបចំពិធីជប់លៀងមួយសម្រាប់ប្រមូលថវិកាជួយដល់សាលាបណ្តុះបណ្តាលផ្នែកសណ្ឋាគារនិងទេសចរណ៍នៃអង្គការដើម្បីភាពញញឹមនៃកុមារ និងវិទ្យាស្ថានម្ហូបអាហារកម្ពុជា។ ពិធីនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដើម្បីអបអរកិច្ចខិតខំប្រឹងប្រែងរបស់បារាំងនិងក្រុមហ៊ុនបារាំងក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។
២. ទិវាហ្រ្វង់កូហ្វូនី៖ ការបោះជំរុំតែងកំណាព្យ
– កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី២០ ខែមីនា ពីម៉ោង១១៖០០ដល់ម៉ោង១៣៖០០
– ចូលរួមដោយសេរី
– ទីកន្លែង៖ នៅតាមសាលា(សាលាដេកាត សាលាអន្តរជាតិបារំាង សាលាកាណាដា …) តាមសាកលវិទ្យាល័យ (សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាលាតិចណូ…) និងតាមអង្គការក្រៅរដ្ឋាភិបាល (អង្គការដើម្បីភាពញញឹមនៃកុមារ PSE…)។
ជាលើកដំបូងនៅកម្ពុជា ក្នុងទិវាហ្រ្វង់កូហ្វូនី នៅថ្ងៃទី២០ ខែមីនា ពីម៉ោង ១១៖០០ដល់ម៉ោង១៤៖០០ សូមអញ្ជើញអ្នកចេះនិងអ្នកស្រលាញ់ភាសាបារាំងនៅកម្ពុជាចូលរួមអបអរសោភ័ណភាព និងភាពសម្បូរបែបនៃភាសាបារាំងនៅតាមសាលា ឬកន្លែងធ្វើការក្នុងក្របខ័ណ្ឌនៃការបោះជំរុំតែងកំណាព្យ។ នៅថ្ងៃទី២០ ខែមីនា ភាសាបារាំងនឹងមានវត្តមាននៅលើបណ្តាញសង្គមនៅកម្ពុជា។ ក្នុងអំឡុងពេលនៃការសម្រាកថ្ងៃត្រង់ កំណាព្យខ្លីៗជាភាសាបារាំងនឹងត្រូវបង្ហោះនៅលើបណ្តាញសង្គម ដើម្បីបង្ហាញពីភាពសម្បូរបែបនៃកន្លែងសិក្សា និងនិយាយភាសាបារាំងនៅកម្ពុជា។
៣. ទិវាហ្រ្វង់កូហ្វូនី៖ ការសរសេរតាមអានជាភាសាបារាំង
– កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី២០ ខែមីនា ពីម៉ោង១៨៖៣០ដល់ម៉ោង១៩៖០០
– ចូលរួមដោយសេរី ដោយត្រូវចុះឈ្មោះជាមុនតាមរយៈ dicteeppaifc2019@gmail.com
– ទីកន្លែង៖ វិទ្យាស្ថានបារាំងនៅកម្ពុជា
សមាគម Phnom Penh Accueil ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានបារាំង នឹងរៀបចំការសរសេរតាមអានមួយដើម្បីអបអរទិវាអន្តរជាតិហ្រ្វង់កូហ្វូនី។ អ្នកចូលរួមនឹងត្រូវបែងចែកជា៤ក្រុម (សិស្សសាលាដេកាត ចាប់ពីថ្នាក់ទី៣ សិស្សវិទ្យាស្ថានបារាំងចាប់ពីកម្រិតB2 មនុស្សពេញវ័យដែលភាសាបារាំងជាភាសាកំណើត និងមនុស្សពេញវ័យដែលភាសាបារាំងមិនមែនជាភាសាកំណើត)។ មានរង្វាន់ជាច្រើនសម្រាប់អ្នកឈ្នះពីលេខ១ដល់លេខ៣សម្រាប់ក្រុមនីមួយៗ!
៤. ការទទួលទានអាហារពេលល្ងាចបែបបារាំង Goût de France
– កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា
– ចូលរួម៖ បង់ថ្លៃ/សូមធ្វើការកក់កន្លែងទុកជាមុន
– ទីកន្លែង៖ ភោជនីយដ្ឋាននៅភ្នំពេញ និងសៀមរាប
សម្រាប់ឆ្នាំទី៥នេះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ព្រឹត្តិការណ៍ «Goût de France» មានការចូលរួមពីសំណាក់មេចុងភៅមកពីប្រទេសនានាលើពិភពលោកដើម្បីអបអរម្ហូបបារាំង។ ភោជនីយដ្ឋាននីមួយៗដែលចូលរួម នឹងរៀបចំជូនភ្ញៀវនូវអាហារពេលល្ងាចពិសេសមួយ។ ព្រឹត្តិការណ៍នេះនឹងលើកស្ទួយភាពល្អឯកនៃម្ហូបបារាំង សមត្ថភាពក្នុងការច្នៃប្រឌិត និងគុណតម្លៃ ដូចជាការចែករម្លែក ភាពសប្បាយរីករាយ និងការគោរពនូវគោលការណ៍«ទទួលទានដើម្បីសុខភាព»។ ព័ត៌មានស្តីពីភោជនីយដ្ឋានដែលចូលរួមនៅភ្នំពេញ និងនៅសៀមរាបនឹងផ្តល់ជូនក្នុងពេលខាងមុខ។
៥. ការចាក់បញ្ចាំងភាពយន្តរឿង ហ៊្វូណន
– កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២២ និងទី២៩ ខែមីនា វេលាម៉ោង១៩
– តម្លៃចូលរួម៖ ៣ដុល្លារ និង១ដុល្លារសម្រាប់និស្សិត /សូមកក់កន្លែងទុកជាមុន
– ទីកន្លែង៖ វិទ្យាស្ថានបារាំងនៅកម្ពុជា
នៅឆ្នាំ១៩៧៥ ជូ ដែលជាម្តាយជនជាតិកម្ពុជាវ័យក្មេងមួយរូបក្នុងអំឡុងបដិវត្តន៍ខ្មែរក្រហម រស់នៅនិងតស៊ូដើម្បីស្វែងរកកូនប្រុសនាងអាយុ៤ឆ្នាំ ដែលត្រូវបានខ្មែរក្រហមឆក់យកទៅ។ ខ្សែភាពយន្តខ្នាតវែងលើកដំបូងរបស់សមិទ្ធិករខ្មែរបារាំង Denis Do ក្រោមចំណងជើងថាហ៊្វូណន រៀបរាប់អំពីប្រវត្តិគ្រួសាររបស់លោកក្នុងអំឡុងសម័យខ្មែរក្រហម។ លោកទទួលបានពានរង្វាន់គ្រីស្តាល់ភាពយន្តខ្នាតវែងនៅក្នុង មហោស្រពភាពយន្តគំនូរជីវចលអន្តរជាតិ Annecy ឆ្នាំ២០១៨។
៦. សន្និសីទរបស់លោក Serge July
– កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៣ ខែមីនា វេលាម៉ោង១៥
– បើកជូនសាធារណជនចូលរួមដោយសេរី
– ទីកន្លែង៖ វិទ្យាស្ថានបារាំងនៅកម្ពុជា
លោក Serge July សហស្ថាបនិកនិងជាអតីតចាងហ្វាងសារព័ត៌មាន La Libération នឹងធ្វើសន្និសីទមួយលើប្រធានបទ «ការបំពេញកាងារជាអ្នកសារព័ត៌មានក្នុងពេលបច្ចុប្បន្ន-មុខអាជីពមួយកំពុងវិវឌ្ឍន៍» ។លោក Serge July ដែលជាអ្នកនិពន្ធនិងអ្នកសរសេរបទវិចារណកថាប្រចាំស្ថានីយ៍វិទ្យុ RTL ផងដែរនោះ នឹងពន្យល់ថាតើមុខអាជីពនេះនឹងអាចរស់រានមានជីវិតដែរឬទេ ក្នុងពេលដែលបច្ចុប្បន្ន ព័ត៌មាននានាត្រូវបានផ្សាយផ្ទាល់យ៉ាងលឿនជាទូទៅ។
៧. រាត្រីរាំកម្សាន្ត
– កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី២៣ ខែមីនា វេលាម៉ោង១៩
– បើកជូនសាធារណជនចូលរួមដោយសេរី
– ទីកន្លែង៖ វិទ្យាស្ថានបារាំងនៅកម្ពុជា
សូមអញ្ជើញមកចូលរួមអបអរសប្តាហ៍នៃភាសាបារាំងនិងហ្រ្វង់កូហ្វូនី នៅភោជនីយដ្ឋាន Bistrot នៃវិទ្យាសា្ថនបារាំងនៅកម្ពុជា ក្នុងឱកាសនៃរាត្រីរាំកម្សាន្តបែបបារាំង! ការលេងឧបករណ៍អាគ័រដេអុង និងស្គរអមដោយការច្រៀងចម្រៀងរបស់ក្រុមតន្រ្តីករ Java Angkor នឹងនាំលោកអ្នកទៅកាន់ឆ្នេរទន្លេ ម៉ាន ដើម្បីឱ្យលោកអ្នកស្វែងយល់ពីសម័យកាលដ៏រុងរឿងនៃការរំាកម្សាន្តររបស់អ្នករស់នៅទីក្រុងប៉ារីស៍ (ការរាំកម្សាន្តបែបមហាជន)។ បរិយាកាសប៉ារីស៍ពេលរាត្រី ដោយមានសាច់អាំង និងការលេងកន្លែងបោះប៊ូល!
៨. ការបង្ហាញការធ្វើម្ហូបបែបទំនើប
– កាលបរិច្ឆេទ៖ ថ្ងៃចន្ទ ទី២៥ ខែមីនា វេលាម៉ោង១៨
– ចូលរួមដោយសេរី/សូមកក់កន្លែងទុកជាមុន
– ទីកន្លែង៖ វិទ្យាស្ថានម្ហូបអាហារកម្ពុជា
ដោយច្របាច់បញ្ចូលគ្នារវាងសិល្បៈនិងវិទ្យាសាស្រ្ត មេចុងភៅនឹងលាយផ្សំគ្រឿង ដើម្បីបង្កើតបានរសជាតិនិងមុខម្ហូបថ្មីៗ។ វិទ្យាស្ថានម្ហូបអាហារកម្ពុជានិងគណៈប្រតិភូកម្ពុជានៃសមាគម Disciples d’Escoffier សូមអញ្ជើញលោកអ្នកចូលរួមក្នុងការបង្ហាញការធ្វើម្ហូបបែបទំនើបនេះ។
៩. សន្និសីទស្តីពីទីក្រុងប្រកបដោយចីរភាព
– កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ទី២៦ ខែមីនា ពីម៉ោង៨ដល់ម៉ោង១២៖៣០
– តម្លៃចូលរួម៖ ២៥ដុល្លារ (សមាជិក)/៣៥ដុល្លារ
– ទីកន្លែង៖ សណ្ឋាគារឡឺរ៉ូយ៉ាល់
សន្និសីទស្តីពីការអភិវឌ្ឍក្រុងប្រកបដោយចីរភាព គឺជាឱកាសក្នុងការផ្លាស់ប្តូរយោបល់រវាងអ្នកជំនាញផ្នែកនគរូបនីយកម្មនៅកម្ពុជា។ ដោយធ្វើឡើងជាលក្ខណៈតុមូល វាគ្មិនកម្ពុជានិងបារាំងមកពីវិស័យសាធារណៈនិងឯកជននឹងពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធការរៀបចំក្រុងនៅកម្ពុជា ដូចជាការគ្រប់គ្រងទឹក បរិស្ថាន ការបង្កើតសង្កាត់ថ្មីៗនៅតំបន់ជាយក្រុង និងការចល័តទី ។
១០. ទស្សនកិច្ចរបស់សមាជិកសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជានៅកសិដ្ឋានសរីរាង្គរបស់អង្គការ Vergers du Mékong
– កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ពីម៉ោង៨ដល់ម៉ោង១២៖០០
– ចូលរួម៖ សូមកក់កន្លែងទុកជាមុន/ជួយចេញថ្លៃធ្វើដំណើរ (ប្រហែល៦ដុល្លារ )
– ទីកន្លែង៖ ខេត្តតាកែវ
សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា សូមអញ្ជើញសមាជិកទាំងអស់ចូលរួមក្នុងដំណើរទស្សនកិច្ចនៅកសិដ្ឋានសរីរាង្គរបស់អង្គការ Vergers du Mékong និងគម្រោងសាកល្បងក្នុងការប្រើប្រាស់ដីគ្រប់រដូវកាលនៅខេត្តតាកែវ។
១១. ការឆ្លើយសំណួរជាភាសាបារាំង
– កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ពីម៉ោង១៩ដល់ម៉ោង២២៖០០
– បើកជូនសាធារណជនចូលរួមដោយសេរី
– ទីកន្លែង៖ វិទ្យាស្ថានបារាំងនៅកម្ពុជា
សូមអញ្ជើញមកវាស់ស្ទង់ចំណេះដឹងរបស់លោកអ្នកស្តីពីហ្រ្វង់កូហ្វូនី និងប្រទេសប្រើប្រាស់ភាសាបារាំង! វិទ្យាស្ថានបារាំងនឹងរៀបចំកម្មវិធីឆ្លើយសំណួរស្តីពីចំណេះដឹងទូទៅ ក្នុងឱកាសនៃការប្រារព្ធសប្តាហ៍ភាសាបារាំងនិងហ្រ្វង់កូហ្វូនី។ សូមចូលរួមជាក្រុមជាមួយមិត្តភក្តិរបស់អ្នក ដោយបែងចែកមួយក្រុមមានប្រាំនាក់ដើម្បីឈ្នះរង្វាន់ពីការឆ្លើយសំណួរប្រាំប្រភេទជាភាសាបារំាង។ សូមប្រិយមិត្តកម្ពុជា បារាំង និងអតីតនិស្សិតចូលរួមឱ្យបានច្រើនកុះករ!
១២. ផ្សារបារាំង
– កាលបរិច្ឆេទ៖ ថ្ងៃសៅរ៍ ទី៣០ ខែមីនា ពីម៉ោង១០ដល់ម៉ោង១៨
– បើកជូនសាធារណជនចូលរួមដោយសេរី
– ទីកន្លែង៖ ស្ថានទូតបារាំងប្រចាំកម្ពុជា
ដើម្បីបិទបញ្ចប់កម្មវិធីបារាំងពីរសប្តាហ៍ ស្ថានទូតបារាំងនឹងបើកទ្វារស្វាគមន៍សាធារជនចូលទស្សនាការតាំងបង្ហាញផលិតផលបារាំងនៅតាមស្តង់ជាង៥០ នៅថ្ងៃសៅរ៍ ទី៣០ មីនាខាងមុខ។ ព្រឹត្តិការណ៍ដ៏អធិកអធមនេះ អមដោយកម្មវិធីកម្សាន្តជាច្រើន (កីឡា ការបង្ហាញរបៀបចម្អិនម្ហូប សន្និសីទតូចៗ ការបង្រៀនរាំចង្វាក់ហ្សាំបា កម្មវិធីសម្រាប់កុមារ) នឹងជាឱកាសសម្រាប់អ្នកចូលរួមស្វែងយល់អំពីផលិតផលនានា ក៏ដូចជាការបង្កើតថ្មី ជំនាញ និងវប្បធម៌បារាំង ព្រមទាំងភ្លក់រសជាតិម្ហូបអាហារបារាំងនៅក្នុងបរិយាកាសសប្បាយរីករាយ។ សូមអញ្ជើញមកចូលរួមដោយសេរីជាលក្ខណៈគ្រួសារ ឬជាមួយមិត្តភក្តិ! យើងមានកម្មវិធីជាច្រើនសម្រាប់គ្រប់ចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់វ័យ !