ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ រណ្តៅដីរបស់ឈ្មួញ ម៉ៅ លីវ៉ា បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ​នៅឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល

ចែករំលែក៖

ប្រជាពលរដ្ឋ រស់នៅភូមិ ម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បាននិយាយថា រណ្តៅដី នៅ​ក្បែរភូមិឋានរបស់ពួកគាត់ ដែលមានទំហំជិត១ហិកតា កំពុងធ្វើឲ្យប៉ះពាល់​ដល់ការរស់នៅ​ជាខ្លាំង ។ អ្នកភូមិនិយាយថា រណ្តៅដីនោះជារបស់ឈ្មួញ ម៉ៅ លីវ៉ា ដែលបាន​ប្រើប្រាស់រថយន្តធំៗជីកកាយដឹកអាចម៍ដីបង្កឲ្យមានធូលីហុយ ប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ ។ អាជ្ញាធរមូលដ្ឋាន ឃុំ-ស្រុក មិនហ៊ានក្អកជាមួយ​នឹងលោកម៉ៅ លីវ៉ា នោះទេ ។ មិនហ៊ានក្អក​ក៏ព្រោះតែ​លោកម៉ៅ លីវ៉ា បានផ្តល់​ផលប្រយោជន៍​ទៅតាមឋានៈ តួនាទី រួចអស់ហើយ ។ ដូច្នេះប្រជាពលរដ្ឋ​ក្នុងភូមិម៉ែបាន មានតែដេកស្រូប​ផ្សែងដីហុយនោះទៅ ។

បើតាមការអះអាងរបស់ប្រជាពលរដ្ឋ​បាននិយាយថា ឈ្មួញម៉ៅ លីវ៉ា បានឃុបឃិតជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល​មួយផ្នែក និងស្រុក​ល្វាឯមមួយផ្នែក ពីព្រោះគេមានរណ្តៅដី​នៅក្នុងស្រុកទាំងពីរនេះ ។ រីឯ​ថ្នាក់ដឹកនាំខេត្តកណ្តាល ពិសេសមន្ទីររ៉ែ និងថាមពល ជាអ្នកសប្បាយ​រីករាយ ជាមួយនឹង​រណ្តៅដី របស់ពួកឈ្មួញនោះទៅវិញទេ ។ បើគ្មានរណ្តៅដី គឺ​ក្រុមមន្ត្រី​មន្ទីររ៉ែ និងថាមពល​ខេត្តកណ្តាល គ្មានអ្វីជាផលប្រយោជន៍នោះដែរ ។ ដូច្នេះគ្មានរំពឹងថា អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញ​ចាត់វិធានការចំពោះរណ្តៅដី បង្កការក្តៅក្រហាយ​ដល់ប្រជាពលរដ្ឋនោះឡើយ ។ ផ្ទុយទៅវិញ មានតែជួយសម្រួល​ឲ្យលោក ម៉ៅ លីវ៉ា អាចធ្វើសកម្មភាព​បានដោយ​សុខ​ស្រួល ។ និយាយឲ្យខ្លីបើគ្មានបទល្មើស គឺសមត្ថកិច្ចជំនាញ និងអាជ្ញាធរគ្មានផលប្រយោជន៍​នោះឡើយ ។

ប្រជាពលរដ្ឋនិយាយថា មានគ្រប់បញ្ហាដែលកើតឡើងដោយសាររណ្តៅដី ។ ក្រៅតែពីរណ្តៅដីដែលមានជម្រៅជ្រៅបង្កហានិភ័យវែងឆ្ងាយ​ដល់ប្រជាពលរដ្ឋ​រស់នៅក្បែរខាងរណ្តៅដីនោះ ក៏នៅមានរថយន្តដឹកអាចម៍ដី បើកបរក្នុងល្បឿនលឿនៗ សំឡេងស៊ីផ្លេ ខ្លាំងៗបង្កការរំខានជារៀងរាល់ថ្ងៃ ។ អ្នកភូមិធ្លាប់បាន​ដាក់ឈើបិទផ្លូវច្រើនលើកច្រើនសារមកហើយ​ដើម្បីឲ្យអាជ្ញាធរឃុំ-ស្រុកចុះមកជួយ​ពួកគាត់ ប៉ុន្តែ​អាជ្ញាធរមូលដ្ឋាន​បានស្តីបន្ទោស​ឲ្យអ្នកភូមិដោយសំអាងថា រណ្តៅដីរបស់ឈ្មោះ ម៉ៅ លីវ៉ា មានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ទីបំផុត​ប្រជាពលរដ្ឋនៅភូមិម៉ែបាន ក្លាយទៅជាជនរងគ្រោះ ព្រោះតែផលប្រយោជន៍របស់ពួកមន្ត្រី​គ្រប់លំដាប់ថ្នាក់ ជាពិសេស​មន្ទីររ៉ែ និងថាមពល ខេត្តកណ្តាលនោះឯង ៕


ចែករំលែក៖