ព័ត៌មានទាន់ហេតុការណ៍៖

សេ្នហាភេទទី៣ ប្រុសស្រឡាញ់ប្រុស រហូតឈានដល់ការជះទឹកអាស៊ីតម្នាក់ដេកពេទ្យ ម្នាក់ដេកគុក

ចែករំលែក៖

ភ្នំពេញ៖ បច្ចុប្បន្ននេះ គេសង្កេតឃើញថា រឿងស្នេហាភេទដូចគ្នា កើតមានឡើង មិនប្រក្រតីដោយ ស្រីស្រឡាញ់ស្រី ប្រុសស្រឡាញ់ប្រុស ដោយស្នេហាភេទដូចគ្នានេះ រហូតពេលខ្លះឈានទៅដល់ការប្រើហិង្សានឹងអាចឈានទៅដល់ការសម្លាប់មនុស្សដែលខ្លួនឯងស្រឡាញ់ចោលទៀត ព្រោះតែភ្លើងប្រច័ណ្ឌ ។

ជាក់ស្តែងកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ មានករណីជះទឹកអាស៊ីត ប៉ុនប៉ងមនុស្សឃាត ដោយចេតនា ត្រង់ចំណុចមុខសណ្ឌាគារឡឺម៉ុងអគារ លេខ១៩៦ ផ្លូវលេខ៣០៤ ក្រុម៣៩ ភូមិ០៥ សង្កាត់បឹងកេងកងទី០២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ឡាចសោភ័ណ្ឌ ភេទប្រុស (ភេទទីបី) អាយុ៣៥ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមាមជ័យ ឃាត់ខ្លួនពាក់ព័ន្ធនឹងមនុស្សឃាត ដោយចេតនា (ជះទឹកអាស៊ីត)។ ចំណែកជនរងគ្រោះ ឈ្មោះ ឃុន កុសល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកសណ្ឋាគារឡឺម៉ុង ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល គ្មានលេខផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

មន្រ្តីដដែលបន្តទៀតថា នៅមុនកើតហេតុ ជនសង្ស័យខាងលើបានទូរស័ព្ទ ទាក់ទងទៅជនរងគ្រោះ ដើម្បីសុំជួបចរចារអំពីបញ្ហារស់នៅជាមួយគ្នាវិញ ប៉ុន្តែជនរងគ្រោះមិនយល់ព្រមទៅរួមរស់ជាមួយវិញ ទើបធ្វើឲ្យជនសង្ស័យខឹង រហូតឈានទៅដល់ការជះទឹកអាស៊ីត ដាក់ជនរងគ្រោះ បណ្តាលឲ្យរបួសត្រង់ផ្ទៃមុខ និងទ្រូងតែម្តង ។ភ្លាមនោះកម្លាំងសមត្ថកិច្ចដែលកំពុងល្បាតនៅក្បែរនោះជួយធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាក់ស្តែង ។ ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមច្បាប់៕ស រស្មី


ចែករំលែក៖