ភ្នំពេញ៖ ដោយសារតែគិតពីសុវត្ថិភាព លុយចំណងដៃបង្គលការកូន បុរសម្នាក់ដែលជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ បានរាលកៃកាំភ្លើងបណ្ដាលឲ្យផ្ទុះ១គ្រាប់ដាច់មម្រាមដៃខ្លួនឯង ខណៈដែលចប់ម៉ោងមង្គលការកូនស្រី ហើយគាត់បានយកកាំភ្លើងខ្លីម៉ាកK54 មកអាម៉េបញ្ចូលគ្រាប់ទុកដើម្បីការពាលុយ ចំណងដៃដែលភ្ញៀវចងដៃខ្លាចមានជនឆ្លៀតឱកាសធ្វើសកម្មភាពប្លន់ ។
ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ស្ថិតនៅចំណុចវិមានបុរីពិភពថ្មីសែនសុខ ចំណុចអាគារA ក្រោយផ្សារអុី អន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ផង់ សុផល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលដែលរងរបួសខាងលើនេះ បានឲ្យដឹងថា មុនកើតហេតុរូបគាត់បានរៀបចំពិធីមង្គលការនៅចំណុចវិមានបុរីពិភពថ្មីសែនសុខ (ជាកន្លែងកើតហេតុ) ។ លុះដល់ពេលពិធីមង្គលការបានបញ្ចប់សព្វគ្រប់ហើយ នៅវេលាម៉ោងកើតហេតុ រូបគាត់និងក្រុមគ្រួសារបានរៀបចំយកលុយដែលបានមកពីភ្ញៀវចងដៃការកូនដាក់ចូលក្នុងរថយន្ត ខណះនោះក៏មានគេមកប្រាប់ថាមានជនមិនស្គាល់មុខ បានចូលមកកន្លែងកើតហេតុផងដែរ ។ ដោយគិតពីសុវត្ថិភាព ភ្លាមនោះរូបគាត់បានយកកាំភ្លើងខ្លីមួយដើមម៉ាកK54 ដែលជារបស់គាត់ដាក់តាមខ្លួន មកអាម៉េបញ្ចូលគ្រាប់ទុកការពារខ្លួន ស្រាប់តែរាលកៃផ្ទះមួយគ្រាប់ បណ្ដាលឲ្យដាច់មម្រាមដៃមួយ ហើយត្រូវបានបងប្អូនដឹកតាមរថយន្តយកមកព្យាបាលនៅមន្ទីពេទ្យសម្ភពចំរើន តែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចសែនសុខបានចុះមកដល់មន្ទីរពេទ្យឯកជនសុខចំរើនដើម្បីសាកសួរនិងធ្វើកំណត់ហេតុស្រាវជ្រាវបន្តតាមនីតិវិធី ៕ តុង សីហា