ខេត្តកំពង់ចាម ៖ សមិទ្ធផលមួយចំនួននៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមរួមមាន ៖ បណ្ណាល័យមួយខ្នង ខ្លោងទ្វារ ស្រះទឹក និងរបងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមាន លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ។
ជាបឋម លោក កើត រឹទ្ធ តំណាងអតីតសិស្សវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងបានលើកឡើងថា មានបណ្ណាល័យ ថ្មី អគារសិក្សាថ្មី សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ។ លោកថា បណ្ណាល័យនេះ គឺជាកន្លែង និងឃ្លាំងចំណេះដឹង អាចចូលសិក្សាស្រាវជ្រាវ អានកាន់តែច្រើនចំណេះកាន់កើន ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្តិភាព ធ្វើឱ្យវិស័យអប់រំសិក្សាធិការមានការរីកចម្រើន។ មានអគារសិក្សាថ្មី បណ្ណាល័យ មានសៀវភៅអាន ស្រាវជ្រាវ វាជាឱកាសសិក្សាល្អសម្រាប់ការស្រាវជ្រាវបន្ថែម។
ក្នុងឱកាសជួបសំណេះសំណាល លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ដោយភាពស្និទ្ធស្នាល និងរីករាយបំផុត ។ លោកលើកឡើងថា សុខសន្តិភាព និងស្ថិរភាពសង្គម ជាផ្នែកមួយដ៏សំខាន់មិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍបានរំលេចឡើងនូវសមិទ្ធិផល អគារ ផ្លូវ ស្ពានថ្នល់ ហេដ្ឋារចនាសម្ព័ន្ធនានា មានការរីកដុះដាលជាបន្តបន្ទាប់ ។
លោកបានក្រើនរំឭកដល់ពលរដ្ឋគ្រប់រូប ត្រូវចេះរួមគ្នាថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជំរុញ ឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងក្លាយជាយុវជនគំរូ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ៕ វណ្ណៈ