ព័ត៌មានទាន់ហេតុការណ៍៖

ពូសាច់ថ្លៃ! ចាប់ចងក្មួយប៉ុនប៉ងរំលោភមិនបានសម្រេច នគរបាលអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ជនល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាល ចាប់បន្តនីតិវិធី បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពចាប់ចងក្មួយបំរុងរំលោភ ប៉ុន្តែជនរងគ្រោះស្រែកឲ្យគេជួយទាន់ ។

ហេតុការណ៍ករណីប៉ុនប៉ងរំលោភមិនបានសម្រេចខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ១១កើត ខែផល្លុន ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លើជនរងគ្រោះ ស្ថិតក្នុងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ លុះព្រឹកថ្ងៃដដែលត្រូវបាននគរបាលនាំខ្លួនតាមបណ្ដឹង របស់អាណាព្យាបាលរបស់ជនរងគ្រោះ ។

លោកវរសេនីយ៍ឯក លីវ សេងហ៊ីម អធិការនៃអធិការដ្ឋានស្រុកកណ្ដៀងបានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីប៉ុនប៉ងរំលោភមិនបានសម្រេចឈ្មោះ ផន ពយ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនៗក្នុងបន្ទុកគ្រួសារ មានទីលំនៅ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ ហើយត្រូវជាឪពុកមាសាច់ថ្លៃ ជនរងគ្រោះផងដែរ ។ ជនរងគ្រោះឈ្មោះអាយុ ១៥ឆ្នាំ ។

លោកវរសេនីយ៍ឯកបន្តថា ការឃាត់ជនសង្ស័យធ្វើឡើងក្រោយទទួលបណ្ដឹងអាណាព្យាបាលក្មេងស្រីរងគ្រោះថា ជនសង្ស័យបានធ្វើសកម្មភាព យកខ្សែអង្រឹង ពណ៌លឿងពីរកំណាត់ និងកៅស៊ូពោះវៀនកង់ ចងដៃជើង និងយកក្រមាញុកមាត់គោលបំណងប៉ុនប៉ងរំលោភ តែមិនបានសម្រេច ដោយលឺសំឡេងខកៗ ទំនងជនសង្ស័យខ្លាចជនរងគ្រោះស្លាប់ ក៏យកក្រមាចេញពីមាត់ធ្វើឲ្យក្មេងស្រីរងគ្រោះមានឱកាសស្រែក ឮដល់ប្អូនដេកក្រោមផ្ទះរត់ទៅជួយ ខណៈឪពុកម្ដាយក្មេងស្រីរវល់ទៅរកសុីនៅឯព្រៃរនាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវរៀបចំបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន

 


ចែករំលែក៖